(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា «យើងខ្ញុំមិនមែនទទួលធ្វើម្ចាស់ផ្ទះដើម្បីឈ្នះទេ ប៉ុន្តែធ្វើម្ចាស់ផ្ទះដើម្បីអ្នកចូលរួមទាំងអស់សប្បាយរីករាយ។ នេះហើយជាគោលបំណងរបស់យើងខ្ញុំទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំក្រោយ»

នេះបើតាមការលើកឡើង ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS សម្រាប់អត្តពលិកកម្រិតដំបូង និងមធ្យម ដែលសហការរៀបចំរវាង NOCC និងសហព័ន្ធកីឡាវាយកូនបាល់ទាត់កម្ពុជា ក្រោមកិច្ចសហការ និងឧបត្ថម្ភគាំទ្ររបស់អង្គការសាមគ្គីអូឡាំពិកកម្ពុជា(OS)។ វគ្គនេះរៀបចំរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី០១-១២ ខែសីហា ឆ្នាំ២០២២ ដោយមានគ្រូបង្វឹកមកពី ៥ប្រទេសចូលរួម។

លោកបានបន្ថែមថា «ការរៀបចំស៊ីហ្គេមលើកដំបូងនាឆ្នាំក្រោយ កម្ពុជារៀបចំធ្វើម្ចាស់ផ្ទះមិនមែនដើម្បីឈ្នះមេដាយឈរលើកំពូលតារាងទេ។ យើងខ្ញុំមិនមានមហិច្ឆតាដើម្បីក្លាយជាជើងឯកក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍នោះទេ។ យើងរៀបចំធ្វើម្ចាស់ផ្ទះដើម្បីឲ្យប្រជាជនរបស់យើងខ្ញុំសប្បាយរីករាយទាំងអស់គ្នា។ សប្បាយរីករាយទាំងអត្តពលិក គ្រូបង្វឹក ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់គ្នាដែលមកប្រទេសកម្ពុជាដោយស្នាមញញឹម អារម្មណ៍ល្អ តាមរយៈកម្ពុជាទទួលបដិសណ្ឋារកិច្ចដ៏ល្អប្រពៃ។ ចំណុចនេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាជាម្ចាស់ផ្ទះ»។

ប្រតិបត្តិករកីឡាឆ្នើមរបស់កម្ពុជាដដែលបន្ដថា ទោះបីកម្ពុជាទើបទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូង ប៉ុន្ដែកម្ពុជាបានត្រៀមខ្លួនរួចរាល់។ គ្រប់ហេដ្ឋារចនាសម្ព័ន្ធ បានបញ្ចប់រួចរាល់ ហើយការកសាងពហុកីឡដ្ឋានថ្មី បានក្លាយជាសមិទ្ធផលប្រវត្តិសាស្ដ្រដ៏អស្ចារ្យសម្រាប់វិស័យកីឡាកម្ពុជា បន្ទាប់ពីការបរិច្ចាគដោយរាជរដ្ឋាភិបាលចិន ដែលជាពហុកីឡដ្ឋានទំនើប និងស្ដង់ដារ បំពាក់ដោយបច្ចេកវិទ្យាទំនើប។ លោកថា សមិទ្ធផលនេះ មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់វិស័យកីឡាពិភពលោកផងដែរ។

ក្រឡេកទៅវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS សម្រាប់អត្តពលិកកម្រិតដំបូង និងមធ្យមខាងលើវិញ លោក វ៉ាត់ ចំរើន បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះការរៀបចំវគ្គនេះ ដែលចំពេលវេលាត្រូវ និងមានសារៈសំខាន់ សម្រាប់កីឡាវាយកូនបាល់ទាត់កម្ពុជា ក្នុងដំណាក់កាលវិស័យកីឡាជាតិ កំពុងមានភាពរីកចម្រើន ស្របពេលកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីជំរុញឲ្យវិស័យកីឡាមួយនេះ ឲ្យកាន់តែរឹងមាំ និងត្រៀមលក្ខណៈរួចរាល់ សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ បន្ទាប់ពីកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕