(បរទេស)៖ មួយរយៈពេលថ្មីៗនេះ លោកអ្នកប្រហែលជាបានឮនូវពាក្យថា «Big Tech ឬ Big Five»។ តើ «Big Tech ឬ Big Five» គឺជាអ្វីឱ្យប្រាកដ?

Big Tech ត្រូវបានមនុស្សភាគច្រើនស្គាល់ថា ជា Tech Giants ឬ Big Five ដែលប្រើសម្រាប់សម្គាល់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗទាំង៥ របស់អាមេរិក រួមមាន Alphabet (Google), Amazon, Apple , Meta (Facebook) និង Microsoft។ បើសិនជាគេនិយាយ Big Four គឺមានត្រឹមតែ Alphabet (Google), Amazon, Apple និងMeta (Facebook) ប៉ុណ្ណោះ ពោលគឺមិនមានវត្តមាន Microsoft។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស គឺជាក្រុមហ៊ុនដែលមានភាពលេចធ្លោនៅក្នុងវិស័យបច្ចេកវិទ្យារៀងៗខ្លួន ដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក, ការផ្សព្វផ្សាយពាណិជ្ជកម្មតាមអ៊ីនធើណេត, គ្រឿងអេឡិចត្រូនិច, សេវាកម្មរក្សាទុកទិន្នន័យលើពពក, កម្មវិធីកុំព្យូទ័រ, ការផ្សព្វផ្សាយព័ត៌មាន, បញ្ញាសិប្បនិមិត្ត, ឧបករណ៍ស្មាតហូម, រថយន្តបើកបរដោយស្វ័យប្រវត្តិ និងបណ្ដាញសង្គម។

ក្រៅពីលេចធ្លោរទៅលើចំណុចទាំងនេះហើយនោះ Big Tech ក៏ជាក្រុមហ៊ុនដែលមានតម្លៃទៅលើទីផ្សារថ្លៃបំផុតផងដែរ ជាពិសេសគឺតម្លៃភាគហ៊ុនរបស់ពួកគេតែម្ដង។

បើតាមប្រភពមួយចំនួនបានបន្ថែមទៀតថា អាមេរិកគ្រោងបញ្ចូល Twitter និង Netflix ឱ្យចូលជាសមាជិករបស់ Big Tech នាពេលខាងមុខនេះ ខណៈដែល Tesla កំពុងស្ថិតនៅក្នុងតារាងរង់ចាំនៅលេខរៀងបន្ទាប់។

តើពាក្យថា Big Tech បានកើតមានឡើងនៅពេលណាសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក? គំនិតនៃការបង្កើតជាក្រុមសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ ដំបូងឡើយគឺប្រើត្រឹមតែពាក្យថា Big ប៉ុណ្ណោះ ដែលវាត្រូវបានគេប្រើជាបណ្ដោះអាសន្ននៅឆ្នាំ២០១៣ ហើយការបង្កើតជាក្រុមនេះគឺដោយសារតែអ្នកសេដ្ឋកិច្ចមួយចំនួនបានមើលឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះកំពុងប្រកបអាជីវកម្មរបស់ខ្លួនដោយមិនមានការរំខាន និងគ្មានការគ្រប់គ្រងច្បាស់លាស់ពីនិយ័តករ ឬមិនស្ថិតក្រោមបទប្បញ្ញាត្តិណាមួយឡើយ។

នៅឆ្នាំ២០១៧ ក្រុមមួយនេះត្រូវបានគេដាក់ឈ្មោះពេញថា Big Tech ដោយមានក្រុមហ៊ុនចំនួន ៥ គឺ Alphabet (Google), Amazon, Apple , Meta (Facebook) និង Microsoft។ បន្ទាប់ពីមានការស៊ើបអង្កេតខ្លាំងពីសំណាក់រដ្ឋាភិបាលរុស្ស៊ីទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ពាក់ព័ន្ធនឹងទិន្នន័យអ្នកប្រើប្រាស់ ទើបសភាអាមេរិកបានកោះហៅមេធំៗរបស់ Big Tech មកណែនាំ និងបំភ្លឺទៅលើការចោទប្រកាន់មួយចំនួន ដោយក្នុងនោះរួមមានការប្រើប្រាស់ឥទ្ធិពល និងអំណាចដើម្បីធ្វើការប្រកួតប្រជែងដោយមិនស្មោះត្រង់ជាដើម។ ចាប់តាំងពីពេលនោះមក សភាអាមេរិកបានចាប់ផ្ដើមដាក់ការត្រួតពិនិត្យ និងគ្រប់គ្រងទៅលើ Big Tech។

ក្រោយៗមកទៀត ការកំណត់សម្គាល់ ឬហៅឈ្មោះក្រុម Big Tech នេះជាច្រើនទៅតាមទម្រង់ផ្សេងគ្នា ដូចជា Big Four គេសរសេរកាត់ថា GAFA ដែលសម្រាប់ស្គាល់ថាជាបងធំទាំងបួន ឬជើងកាងទាំងបួន (Gang of Four) ចំណែកពាក្យថា Big Five ត្រូវបានគេហៅកាត់ថា GAMAM ដែលសម្រាប់សម្គាល់បងធំទាំង៥ ដែលមានសមាជិក Google, Amazon, Meta, Apple និង Microsoft។

ចំណែកពាក្យមួយទៀតដែលបង្កើតឡើងដោយអ្នកសារព័ត៌មាន CNBC នោះគឺ FANG ដែលសំដៅលើក្រុមហ៊ុនបួនធំៗរួមមាន Facebook, Amazon, Netflix និង Google។ ពាក្យនេះប្រើនៅក្នុងអំឡុងឆ្នាំ ២០១៣។ រីឯពាក្យថា MANAMANA មានសំដៅលើក្រុមហ៊ុនអាមេរិកធំៗដូចជា Microsoft, Apple, Netflix, Alphabet, Meta, Amazon, Nvidia និង Adobe៕