(ភ្នំពេញ)៖ ជាការពិតណាស់ បុគ្គលម្នាក់ៗនៅក្នុងសង្គម មានសិទ្ធិចាត់ចែងដោយសេរីនូវទ្រព្យសម្បត្តិរបស់ខ្លួន ដោយផ្អែកទៅលើគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន។ យ៉ាងណាមិញ ចំពោះការសំដែងឆន្ទៈចុងក្រោយ អំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន បន្ទាប់ពីទទួលមរណភាព ដែលច្បាប់កំណត់ថាជាការធ្វើមតកសាសន៍ មានអានុភាពអនុវត្តទៅបានលុះត្រាតែ មតកសាសន៍នោះ បានធ្វើឡើងទៅតាមទម្រង់ដែលកំណត់ដោយច្បាប់។

ទោះបីជាមតកសាសន៍ ត្រូវបានធ្វើឡើងតាមរយៈលក្ខខណ្ឌទម្រង់នៃច្បាប់ក៏ដោយ ក៏អាចត្រូវបានលុបចោលវិញតាមវិធីផ្សេងៗផងដែរ។

តើការលុបចោលនូវមតកសាសន៍ អាចធ្វើបានតាមវិធី និងរបៀបណាខ្លះ?

សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់ របស់បណ្តាញព័ត៌មាន Fresh News សហការ ជាមួយក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការ អន្តរជាតិ សូមលើកយក ប្រធានបទស្តីពី «ការលុបចោលនូវមតកសាសន៍» មកធ្វើការ ចែករំលែក ជូនបងប្អូន ប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ។

ជាទូទៅ ការលុបចោលនូវមតកសាសន៍ គឺអាចលុបចោលដោយម្ចាស់បណ្តាំនៅពេលណាក៏បានដែរ ពោលគឺច្បាប់ តែងតែគោរពនូវឆន្ទៈរបស់បុគ្គលជានិច្ច។ តែការលុបចោលនេះ អាចមានអានុភាពអនុវត្តទៅបាន លុះត្រាតែគោរពទៅតាមបញ្ញត្តិផ្សេងៗដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែង បើយោងតាមក្រមរដ្ឋប្បវេណីមាត្រា ១១៨៩ បានបញ្ញត្តិថា៖

*១៖ ម្ចាស់បណ្តាំអាចលុបចោលនូវមតកសាសន៍ មួយភាគ ឬ ទាំងមូលបាន តាមទម្រង់នៃមតកសាសន៍។
*២៖ បើមតកសាសន៍ដែលបានធ្វើក្រោយនេះ មានភាពផ្ទុយនឹងមតកសាសន៍ដែលបានធ្វើមុន ត្រូវចាត់ទុកថា មតកសាសន៍ដែលបានធ្វើក្រោយនោះ បានលុបចោលមតកសាសន៍ដែលបានធ្វើមុន ចំពោះផ្នែកដែលផ្ទុយគ្នានោះ។

យោងទៅតាមស្មារតីនៃមាត្រានេះ ម្ចាស់បណ្តាំអាចធ្វើការលុបចោលនូវមតកសាសន៍បាន តាមរយៈពីររូបភាពគឺ ធ្វើនូវមតកសាសន៍ថ្មីមួយទៀតដែលមានខ្លឹមសារលុបចោលនូវផ្នែកណាមួយ ឬទាំងស្រុងនៃមតកសាសន៍ចាស់ដោយត្រូវសរសេរបញ្ជាក់ឱ្យបានច្បាស់អំពីការលុបចោល និងតាមរយៈរូបភាពមួយទៀតគឺ ការធ្វើមតកសាសន៍ថ្មីដែលមានខ្លឹមសារផ្ទុយចំពោះផ្នែកណាមួយនៃមតកសាសន៍ដែលបានធ្វើមុន។

ឧទាហរណ៍៖ មតកសាសន៍មុនបានចែងថា ឱ្យ X ទទួលសន្តតិកម្មនូវដីចំនួនពីរកន្លែងគឺ ដី (L) និងដី (M)។ តែក្រោយមកនៅក្នុងមតកសាសន៍ថ្មី បានចែងថា ឱ្យ X ទទួលសន្តតិកម្មនូវដី (L) ចំណែកឯ Y ទទួលសន្តតិកម្មនូវដី (M)។ ដូច្នេះនៅក្នុងករណីនេះ មានតែមតកសាសន៍ថ្មីទេដែលមានអានុភាពអាចអនុវត្តបាន។

លើសពីនេះទៅទៀត ដោយយោងទៅតាមមាត្រា ១១៩០ និងមាត្រា ១១៩១ នៃក្រមរដ្ឋប្បវេណី មតកសាសន៍ក៏អាចត្រូវបានលុបចោលផងដែរ ប្រសិនបើ៖

*១៖ ម្ចាស់បណ្តាំបានធ្វើអនុប្បទាន ឬ បានធ្វើសកម្មភាពផ្សេងទៀត ចំពោះវត្ថុដែលជាកម្មវត្ថុនៃមតកសាសន៍ នាពេលនៅរស់ ត្រូវចាត់ទុកថា ម្ចាស់បណ្តាំបានលុបចោលមតកសាសន៍ ចំពោះផ្នែកដែលផ្ទុយនឹងអនុប្បទាន ឬសកម្មភាពផ្សេងនោះ ។ គួរបញ្ជាក់ផងដែរថា នៅត្រង់ចំណុចនេះ មតកសាសន៍ត្រូវបានលុបចោលតែចំពោះផ្នែកដែលពាក់ព័ន្ធនឹងការធ្វើអនុប្បទាន ឬសកម្មភាពនោះតែប៉ុណ្ណោះ ។ ឧទាហរណ៍៖ ក្នុងករណីមតកសាសន៍បានចែងថា X បានទទួលសន្តតិកម្មនូវដី (L) រីឯ Y បានទទួលសន្តតិកម្មនូវដី (M) ពីម្ចាស់បណ្តាំ Z តែក្រោយមកម្ចាស់បណ្តាំ Z បានសម្រេចចិត្តលក់ដី (L) ឱ្យទៅតតិយជនផ្សេងវិញ ដូច្នេះ ការលក់ដី (L) គឺមិនប៉ះពាល់ដល់ដី (M) ដែល Y ទទួលនោះទេ ។

*២៖ ម្ចាស់បណ្តាំបានបំផ្លាញច្បាប់ដើមនៃមតកសាសន៍ ដោយចេតនា ត្រូវចាត់ទុកថា បានលុបចោលមតកសាសន៍ ចំពោះផ្នែកដែលត្រូវបានបំផ្លាញនោះ ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលម្ចាស់បណ្តាំបានបំផ្លាញវត្ថុ ដែលជាកម្មវត្ថុនៃមតកសាសន៍ ដោយចេតនា ។

សរុបសេចក្តីមក ការលុបចោលនូវមតកសាសន៍ អាចលុបចោលបានតាមវិធីផ្សេងៗមានដូចជា ការលុបចោលដោយទម្រង់នៃមតកសាសន៍ តាមរយៈការធ្វើទម្រង់មតកសាសន៍ថ្មីដែលមានខ្លឹមសារលុបចោល ឬផ្ទុយនឹងមតកសាសន៍ដែលបានធ្វើមុន និងការលុបចោលមតកសាសន៍តាមឆន្ទៈរបស់ម្ចាស់បណ្តាំ ដោយការធ្វើអនុប្បទាន ឬសកម្មភាពផ្សេងទៀត ទៅលើវត្ថុដែលជាកម្មវត្ថុនៃមតកសាសន៍ ក៏ដូចជាការបំផ្លាញច្បាប់ដើមនៃមតកសាសន៍ ឬបំផ្លាញវត្ថុដែលជាកម្មវត្ថុនៃមតកសាសន៍ដោយចេតនាជាដើម ៕

រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងកញ្ញា ឈិន ឆាយអ៉ី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group