(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញឲ្យគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ពង្រឹងការផ្សព្វផ្សាយយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ពិសេសតំបន់គោដៅទាំង៥ ដែលត្រូវទទួលរៀបចំការប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ។

ការជំរុញនេះ ធ្វើឡើងកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC ស្ដីពីការត្រួតពិនិត្យការងារ ព្រមទាំងកំណត់ផែនការសកម្មភាពការងារ និងទិសដៅអនុវត្តការងារបន្ដរបស់គណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា (NOCC) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះ។

យុទ្ធនាការសំខាន់ៗនៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលលោករដ្ឋមន្ដ្រី ថោង ខុន ជំរុញឲ្យគណៈកម្មការជំនាញធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋទូទាំងប្រទេស រួមមានយុទ្ធនាការកីឡារស់ក្នុងសន្ដិភាព, ប្រជាជនម្នាក់លេងកីឡាមួយមុខ ក្នុងមួយជីវិត, កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ, កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយគ្រឿងញៀន។ ក្នុងនោះតំបន់គោលដៅចំនួន៥ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយជាងគេ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។

លោក តុប សុភ័ក ប្រធានគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡាបានបញ្ជាក់ថា កន្លងមកគណៈកម្មការរបស់ខ្លួន បានធ្វើសកម្មភាពផ្សព្វផ្សាយមួយចំនួនមកហើយ និងកំពុងធ្វើការជាមួយអគ្គលេខាធិការដ្ឋាន CAMSOC ដើម្បីជំរុញការផ្សព្វផ្សាយយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ បន្ថែម ពិសេសក្រោយទទួលបានអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំ លោកនឹងពង្រឹងការផ្សព្វផ្សាយបន្ថែមទៀត ដូចជាការផលិតនូវបទចម្រៀងអបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេម និងការផ្សព្វផ្សាយ នៅតាមរាជធានី-ខេត្តគោលដៅទាំង៥ ជាដើម។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហានេះ កម្ពុជានៅសល់រយៈពេល ២៦១ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣១ ដែលនឹងប្រារព្ធពិធីបើកការប្រកួតនៅថ្ងៃទី០៥ និងបិទ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ មុនបន្ដរៀបចំការប្រកួតកីឡអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដដែល៕