(មេនឆេស្ទឺ)៖ ក្លិប Manchester City បានសម្រេចនូវការចុះកិច្ចសន្យានាំយកខ្សែការពារឆ្វេងសញ្ជាតិអេស្ប៉ាញ Sergio Gomez ពីក្លិបប៊ែលហ្ស៊ិក Anderlecht។ នេះបើតាមក្លិបម្ចាស់ពានរង្វាន់ជើងឯក Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
កីឡាករវ័យ ២១ឆ្នាំដែលទទួលការបណ្តុះបណ្តាលពីប្រព័ន្ធយុវជនរបស់ក្លិប Barcelona រូបនេះបានលេងក្រោមអតីតប្រធានក្រុម City កីឡាករ Vincent Kompany នៅក្លិប Anderlecht កាលពីរដូវកាលមុន។
ខ្សែការពារ Gomez ត្រូវបានជំនួសតំណែងកីឡាករសញ្ជាតិអ៊ុយក្រែន Oleksandr Zinchenko ដែលត្រូវបានលក់ទៅឲ្យក្លិប Arsenal នារដូវក្តៅនេះ។
Gomez គឺជាកីឡាករទី៤ ដែលបានចុះកិច្ចសន្យាជាមួយ City នៅអំឡុងពេលរដូវកាលដោះដូរកីឡាករនេះ បន្ទាប់ពីការទៅដល់របស់ខ្សែប្រយុទ្ធន័រវេស Erling Haaland, ខ្សែបម្រើអង់គ្លេស Kalvin Phillips និងអ្នកចាំទីអាល្លឺម៉ង់ Stefan Ortega៕