(បរទេស)៖ WhatsApp ធ្លាប់បានប្រកាសបង្ហាញថា ខ្លួនកំពុងធ្វើការលើមុខងារមួយដែលមានឈ្មោះថា «avatar profile photo» ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់ avatar ផ្ទាល់ខ្លួនជារូបភាព profile របស់ពួកគេ។ ខណៈពេលថ្មីៗនេះលឺដំណឹងថា Meta ដែលជាមេធំរបស់ WhatsApp គ្រោងដាក់ឱ្យប្រើប្រាស់នូវមុខងារ avatar ក្នុងពេលឆាប់ៗខាងមុខនេះ។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន IndiaToday នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
មុខងារថ្មីរបស់ WhatsApp បច្ចុប្បន្ននេះកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ដំណាក់កាលដំបូង ហើយវានឹងត្រូវបានចេញផ្សាយសម្រាប់អ្នកប្រើប្រាស់បែតានៅលើ Android, iOS និង Desktop ទូទាំងពិភពលោកក្នុងពេលឆាប់ៗខាងមុខ។
យោងតាមរូបថត Screenshot ដែលចែករំលែកដោយ WBetaInfo នៅក្នុងរបាយការណ៍មួយបានបង្ហាញថា WhatsApp នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្តូរ avatar បានតាមបំណង ហើយមួយវិញទៀតក៏អាចជ្រើសរើសពណ៌ផ្ទៃខាងក្រោយដែលត្រូវប្រើនៅក្នុង Profile Photo បានថែមទៀតផង។ តែដោយឡែកទាក់ទិននឹងការដាក់ឱ្យប្រើប្រាស់មុខងារនេះក៏ត្រូវបាន WBetaInfo គូសបញ្ជាក់ដែរថា ទំនងជា Meta ចង់បង្កើនចំណាប់អារម្ម ក៏ដូចជាពង្រឹងចំណុចប្រទាក់ចិត្តអ្នកប្រើប្រាស់ទាំងមូលរបស់ខ្លួនផងដែរ។
តែយ៉ាងណាចំពោះមុខងារថ្មីសន្លាងនេះមិនទាន់មានការបញ្ជាក់លម្អិតណាមួយពីក្រុមហ៊ុននោះទេ ខណៈដែលព័ត៌មានលេចធ្លាយកន្លងមកធ្លាប់បានបង្ហើបថា ជាមួយនិងមុខងារ avatar ថ្មីនេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចឆ្លើយតបទៅលើ Status WhatsApp បានដោយប្រើ Emojis ថ្មីៗចំនួន ៨ដែលមកជាមួយរួមមានEmoji គួរឱ្យស្រលាញ់, សើចសប្បាយ, ភ្ញាក់ផ្អើល, យំ, សំពះ, ទះដៃ, អបអរសារទរ និង Emoji ពិន្ទុ ១០០ ផងដែរ។ គួរបញ្ជាក់ដែរថា មុខងារស្រដៀងគ្នានេះធ្លាប់មានរួចទៅហើយនៅលើ Instagram ដែល Meta សម្រេចដាក់ឱ្យប្រើប្រាស់កន្លងមក៕