(ភ្នំពេញ)៖ ក្រុមហ៊ុន LIXIN Group បានចុះអនុស្សរណៈយោគយល់គ្នា លើការវិនិយោគចូលហ៊ុន ក្នុងក្រុមហ៊ុន Hana Jia Er CO., LTD ដើម្បីជាការកំណត់គោលដៅថ្មី សម្រាប់ការអភិវឌ្ឍវិស័យភស្តុភារ ខ្សែសង្វាក់ត្រជាក់ (Cold Chain Logistics) នៅកម្ពុជា ហើយតាមរយៈសម្ព័ន្ធភាពដ៏រឹងមាំនេះ ភាគីទាំងពីរនឹងរួមគ្នាបង្កើនសមត្ថភាព វិស័យភស្តុភារកម្មខ្សែសង្វាក់ត្រជាក់កម្ពុជា និងពន្លឿនការធ្វើលើកកម្ពស់វិស័យនេះ ឲ្យកាន់តែប្រសើរឡើង។

ពិធីចុះហត្ថលេខានេះដែរ បានធ្វើឡើងនារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅអគារ LIXIN CEO Center ក្រោមអធិបតីភាពលោក Kevin Hsu នាយកប្រតិបត្តិ ក្រុមហ៊ុន LIXIN Group លោកស្រី Carey Liu ប្រធានក្រុមហ៊ុន LIXINYI លោកស្រី Chu Cheng ប្រធានក្រុមហ៊ុន Hana Jia Er CO., LTD និងបណ្តាម្ចាស់ភាគ ហ៊ុនដទៃទៀត ហើយភាគីទាំងពីរបានសម្រេចចុះហត្ថលេខា លើកិច្ចព្រមព្រៀងវិនិយោគចូលហ៊ុន ដើម្បីឈានទៅសម្រេចសាងភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ។

ក្រុមហ៊ុន Hana Jia Er CO., LTD ជាអ្នកទទួលបានសិទ្ធិចែកចាយផលិតផលខ្សែសង្វាក់ត្រជាក់ប្រចាំនៅកម្ពុជា ពីក្រុមហ៊ុន AICE (Mengniu Holdings)។ យីហោភេសជ្ជៈ ត្រជាក់ AICE ត្រូវបានបង្កើតឡើងនៅប្រទេសសិង្ហបុរី និងគ្រប់គ្រងដោយក្រុមហ៊ុន Mengniu Group ហើយបានឡើងទៅដល់លំដាប់ទី១ ក្នុងទីផ្សារការ៉េម នៅក្នុងប្រទេស ឥណ្ឌូនេស៊ីត្រឹមតែរយៈពេល ៣ឆ្នាំប៉ុណ្ណោះ ដោយទទួលបានចំណូលពីការលក់ដល់ទៅ ៥២០លានដុល្លារ ក្នុងឆ្នាំ២០២១។ AICE ក៏ត្រូវបានជ្រើសរើសជាភេសជ្ជៈត្រជាក់ ឧបត្ថម្ភសម្រាប់កីឡាស៊ីហ្គេមហ្សាកាតា និងជាអ្នកឧបត្ថម្ភការ៉េមផ្តាច់មុខក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតាផងដែរ។

ក្រៅពីជាអ្នកទទួលបានសិទ្ធិចែកចាយរបស់ AICE នោះ ក្រុមហ៊ុន Hana Jia Er CO., LTD មានផ្តល់នូវសេវាកម្មធុរកិច្ចសំខាន់ៗជាត្រីកោណដែលរួមមាន៖ បណ្តាញ ទំនិញប្រើប្រាស់លឿន (FMCG), ភស្តុភារកម្ម និងការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ ក៏ដូចជាការដឹកជញ្ជូនឆ្លងកាត់គយ ការស្តុកទុក និងការចែកចាយ អាហារក្លាសេនៅកម្ពុជា។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានផ្តល់ជូនអតិថិជន នូវសេវាកម្ម-ផលិតផលចម្បង ដូចជា៖ ការ៉េមមានគុណភាពខ្ពស់ ភេសជ្ជៈយីហោល្បីៗ អាហាររហ័ស និងផលិតផលច្រើនមុខច្រើនម៉ាកផ្សេងៗទៀត ព្រមទាំងមានផ្តល់ជូននូវសេវាស្តុកទុកទំនិញ ក្លាស្សេគ្រប់ប្រភេទ ការចែកចាយភស្តុភារកម្ម និងការដឹកជញ្ជូនខ្សែសង្វាក់ ត្រជាក់ឆ្លងកាត់គយ សម្រាប់បណ្តាពាណិជ្ជករទូទៅ។

បណ្តាញសេវាឃ្លាំងស្តុកក្លាស្សេរបស់ក្រុមហ៊ុនកំពុងមានវត្តមានក្នុងខេត្ត-ក្រុងចំនួន៤ គឺ រាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងកំពត ហើយក្រុមហ៊ុនក៏គ្រោងនឹងពង្រីក ជាបន្តបន្ទាប់ ទៅទូទាំងប្រទេសកម្ពុជានាពេលអនាគត។ បច្ចុប្បន្ននេះក្រុមហ៊ុន បានសម្រេចសាងសង់ឃ្លាំងស្តុកក្លាស្សេសរុបចំនួន ៦ ដែលផ្ទៃក្រឡាឃ្លាំងសរុបជាង១០,០០០ម៉ែត្រការ៉េ ហើយកំពុងដាក់ឲ្យដំណើរការ ទូរក្លាស្សេជិត ៣,០០០គ្រឿង នៅទូទាំងទីផ្សារភេសជ្ជៈត្រជាក់ ដែលមានវត្តមានគ្របដណ្តប់លើខេត្ត ស្រុក និងក្រុង សំខាន់ៗចំនួន ១៩នៅក្នុងប្រទេសកម្ពុជា។

លើកឡើងនាឱកាសនោះ លោក Kevin Hsu បានថ្លែងថា ជាមួយនឹងការចូលជាធរមាន ជាផ្លូវការ នៃកិច្ចព្រមព្រៀង ភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (FTA) វិស័យភស្តុភារកម្មខ្សែសង្វាក់ត្រជាក់នៅកម្ពុជា នឹងអភិវឌ្ឍន៍ឈានទៅដល់ចំណុច កំពូលរបស់ខ្លួននាពេលអនាគត។

ក្រុមហ៊ុន Hana Jia Er CO., LTD មានស្រាប់នូវបទពិសោធន៍មូលដ្ឋានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃវិស័យភស្តុភារកម្មខ្សែសង្វាក់ត្រជាក់របស់ប្រទេសចិន ហើយក្រោយ ពីមានវត្តមានក្នុងទីផ្សារកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមក ក្រុមហ៊ុនកំពុងធ្វើការនាំមុខគេទាំងទីផ្សារក្នុងស្រុក បណ្តាញភស្តុភារកម្មខ្សែសង្វាក់ត្រជាក់បច្ចេកវិទ្យា និងផែនការយុទ្ធសាស្ត្រ។

កិច្ចសហការ នឹងជំរុញឲ្យមានការផ្លាស់ប្តូរមុខមាត់ថ្មី និងកាន់តែប្រសើរឡើងនូវវិស័យភស្តុភារកម្មខ្សែសង្វាក់ត្រជាក់របស់កម្ពុជា ផ្តល់នូវការ ដឹកជញ្ជូនទំនិញខ្សែសង្វាក់ត្រជាក់ប្រកបដោយស្ថេរភាព ប្រសិទ្ធភាព និងគុណភាពខ្ពស់ ព្រមទាំងផ្តល់ផលិតផលក្លាស្សេឈ្ងុយឆ្ងាញ់ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលមានសីតុណ្ហភាពក្តៅ ព្រមទាំងនាំមកនូវបទពិសោធន៍រស់នៅប្រកបដោយភាពងាយស្រួល និងត្រជាក់រំភើយសម្រាប់សាធារណជនទូទៅ។

ពិធីចុះហត្ថលេខាជាយុទ្ធសាស្ត្រលើកនេះ គឺជាចំណុចចាប់ផ្តើមថ្មីមួយសម្រាប់កិច្ចសហការរវាងក្រុមហ៊ុន LIXIN Group និង Hana Jia Er CO., LTD ហើយនាពេល អនាគត ភាគីទាំងពីរ នឹងប្រើប្រាស់នូវគុណសម្បត្តិបច្ចេកទេស និងធនធានរៀងៗខ្លួនឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យកិច្ចសហការគ្នានេះកាន់តែស៊ីជម្រៅនិងជួយដល់ ក្រុមហ៊ុន Hana Jia Er CO., LTD បង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម និងសមត្ថភាពប្រកួតប្រជែង បង្កើតស្តង់ដារឧស្សាហកម្មថ្មី និងជម្រុញការអភិវឌ្ឍវិស័យ ភស្តុភារកម្ម ខ្សែសង្វាក់ត្រជាក់របស់កម្ពុជាឲ្យកាន់តែរីចម្រើនផងដែរ៕