(ចិន)៖ អ្នករាំម្នាក់ដែលមានឈ្មោះថា Lee Kai Yin ដែលរងរបួសធ្ងន់ធ្ងរអំឡុងពេលសម្តែងរាំក្នុងការប្រគំតន្ត្រីមួយនៅហុងកុង និងត្រូវផ្ទាំង LED ទម្ងន់ ៥០០គីឡូក្រាម ធ្លាក់សង្កត់ពីលើនោះ ត្រូវបានគេជឿជាក់ថា មានសង្ឃឹមជាសះស្បើយឡើងវិញតែ៥ភាគរយប៉ុណ្ណោះ។ នេះបើតាមសំដីឪពុករបស់តារាប្រុសរូបនេះ និងដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Straits Times។

ឪពុករបស់ Lee ដែលមានឈ្មោះថា Derek Lee Shing Lam បានបង្ហោះសារមួយកាលពីពេលថ្មីនេះ ដែលជាការធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺកូនប្រុសរបស់ខ្លួនប្រាប់ទៅកាន់អ្នកគាំទ្រ ដោយលោកបានអះអាងថា កូនប្រុសរបស់លោក គឺនៅតែស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ ចាប់តាំងពីជួបគ្រោះថ្នាក់កាលពីថ្ងៃទី២៨ ខែកក្កដាមក។

អ្នករាំរូបនេះដែលគេស្គាល់ថា ជា Ah Mo បានទទួលការវះកាត់ចំនួន៣ដង ហើយរហូតមកទល់នឹងពេលនេះ គឺនៅតែប្រើប្រាស់ម៉ាស៉ីនជំនួយផ្លូវដង្ហើម។ ជាមួយគ្នានេះ ឪពុកម្តាយរបស់តារារូបនេះ បានស្វែងរកទាំងគ្រូពេទ្យនៅចិន និងមកពីលោកខាងលិចដើម្បីព្យាបាលជំងឺកូនប្រុសរបស់ខ្លួន ប៉ុន្តែវេជ្ជបណ្ឌិតទាំងអស់ជឿជាក់ថា មានឱកាសតិចតួចប៉ុណ្ណោះ ដែលឆ្អឹងកងខ្នង និងសរសៃប្រសាទអាចជាសះស្បើយ និងអនុញ្ញាតឲ្យគាត់ធ្វើចលនាម្តងទៀតបាន។

គួរជម្រាបថា កាលពីខែកក្កដា កន្លងទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានហេតុការណ៍ដ៏នឹកស្មានមិនដល់មួយបានកើតឡើងនៅក្នុងការប្រគំតន្ត្រីមួយ នៅទីក្រុងហុងកុង ពោលគឺក្រុមអ្នករាំកំពុងតែសម្តែងលើឆាកសុខៗ ស្រាប់តែធ្លាក់ផ្ទាំង LED សង្កត់អ្នករាំ២នាក់ បញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយជនរងគ្រោះខាងលើ ក៏ត្រូវបានគេជឿថា មានសង្ឃឹមតិចតួចប៉ុណ្ណោះក្នុងការជាសះស្បើយ៕