(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស បានរៀបចំកម្មវិធី «ខ្ញុំឆ្នើម» ឬ The Best of Me ជាថ្មីម្ដងទៀត ក្នុងឆ្នាំ២០២២នេះ ដែលមានការចូលរួមដោយ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប ២០០នាក់ ពីវិទ្យាល័យទាំង ៥ នៅរាជធានីភ្នំពេញរួមមាន វិទ្យាល័យព្រះស៉ីសុវត្ថិ វិទ្យាល័យបាក់ទូក វិទ្យាល័យទួលទំពូង វិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យព្រែកលៀប។
កម្មវិធី «ខ្ញុំឆ្នើម» ឆ្នាំ២០២២ ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ក្រោមគោលបំណង បំប៉នសមត្ថភាពសិស្សានុសិស្សវិទ្យាល័យឲ្យសម្រេចចិត្តត្រឹមត្រូវ ដើម្បីឈានទៅរកភាពជោគជ័យក្នុងការសិស្សាថ្នាក់ឧត្តមសិក្សា ជីវិត និងការងារ។
លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា៖ «មូលហេតុដែល ខ្មែរ ប៊ែវើរីជីស នៅតែបន្តរៀបចំសិក្ខាសាលា «ខ្ញុំឆ្នើម» គឺដោយសារក្មេងៗជាទំពាំងស្នងឬស្សីនៅក្នុងសង្គមជាតិ។ បើពួកគាត់ចេះប្រើប្រាស់ចំណុចខ្លាំង និងមានគំនិតវិជ្ជមាន ហើយយកទៅប្រើប្រាស់ឲ្យចំគោលដៅ នោះពួកគាត់នឹងមានអនាគតល្អ និងអាចជំរុញឲ្យប្រទេសជាតិយើងទាំងមូលមានការរីកចម្រើន»។
លោក មូល ស៊ុយហេង នាយកវិទ្យាល័យព្រះស៉ីសុវត្ថិ បានថ្លែងថា៖ «កម្មវិធី «ខ្ញុំឆ្នើម» នេះ នឹងអាចជួយតម្រង់ទិសសិស្សានុសិស្សជាច្រើន ដែលកំពុងត្រៀមខ្លួនសម្រាប់ការប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខនេះ ឲ្យជ្រើសរើសមុខវិជ្ជាណាមួយដែលត្រឹមត្រូវ សម្រាប់ខ្លួនឯងបានយ៉ាងប្រសើបំផុត»។
គួរបញ្ជាក់ផងដែរ ក្នុងឆ្នាំ ២០២២ កម្មវិធី «ខ្ញុំឆ្នើម» នឹងរៀបចំ ចំនួន ៣ដង រៀងរាល់២សប្តាហ៍ម្ដង ដែលនឹងមានការចូលរួមពីវិទ្យាល័យចំនួន ១៥ ក្នុងរាជធានីភ្នំពេញ។ ជាពិសេសជាងនេះ សម្រាប់កម្មវិធីលើកទី៣ នឹងមានការ រៀបចំតាមរយៈឌីជីថល ដោយមានការ Live ផ្ទាល់តាម Zoom និង Facebook ដូចនេះ សិស្សនុសិស្សដែលកំពុងរៀនថ្នាក់ទី១២ ពីវិទ្យាល័យផ្សេងៗក៏អាចចូលរួមបានដែរ៕