(សៀមរាប)៖ គម្រោងជួសជុលនិងអភិរក្សព្រះវិហារបុរាណនៅវត្តប្រាសាទលលៃ ដែលទទួលបានថវិកានិងបច្ចេកទេសទាំងស្រុងពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។

ក្រោមកិច្ចខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា គឺបានជួសជុលព្រះវិហារបុរាណដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ ធ្លាក់បាក់ឱ្យល្អឡើងវិញ ដោយប្រើប្រាស់បច្ចេកទេស និងសម្ភារដូចដើមទាំងស្រុង ដើម្បីរក្សាបាននូវគុណតម្លៃផ្នែកប្រវត្តិសាស្រ្ត។

សូមបញ្ជាក់ថា ព្រះវិហារបុរាណនេះមានទំហំបណ្តោយ២៧.៥ម ទទឹង ១១.២ម និងកម្ពស់ ១៥.៥ម។ គោលបំណងនៃការជួសជុល និងអភិរក្សព្រះវិហារនេះ គឺដើម្បីថែរក្សាមត៌កវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនាដ៏រស់រវើកឱ្យនៅឋិតថេរបន្តទៅមុខទៀត នឹងដើម្បីបម្រើប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ការសិក្សារៀនសូត្រផង និងដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរដែលមកទស្សនាទឹកដីបុរាណដ្ឋានមួយនេះផង៕