(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាកំពុងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីដាក់ដំណើរការខ្សែទស្សនាចរណ៍នៅបារាយ៍ជយតដាក (បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ) ដោយគ្រោងរៀបចំឱ្យមានសកម្មភាពជិះទូកនៅក្នុងបារាយណ៍ និងជិះកង់ទស្សនាជុំវិញ ខណៈប្រាសាទនាគព័ន្ធនៅកណ្ដាលបារាយណ៍នោះក៏មានភាពទាក់ទាញផងដែរ។
ក្នុងក្របខណ្ឌអនុវត្តគម្រោង «ដាក់ដំណើរការឡើងវិញនូវសហគមន៍ទេសចរណ៍បារាយណ៍ជយតដាក» ក្រោមជំនួយឧបត្ថម្ភពីអង្កការ GIZ សម្របសម្រួលដោយអង្គការយូណេស្កូ នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក ឡុង កុសល អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងវប្បធម៌ បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធស្តីពីការដាក់ដំណើរការខ្សែទស្សនាជិះទូកក្នុងបារាយ៍ជយតដាក (បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ) និងខ្សែទស្សនាជិះកង់របស់សហគមន៍ទេសចរណ៍បារាយណ៍ជយតដាក។
សិក្ខាកាមចូលរួមមានចំនួន៣០នាក់មកពីមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន អង្គភាពនគរបាលបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ គ្រឹះស្ថានអង្គរ រដ្ឋបាលស្រុកអង្គរធំ សមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុនទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ សមាគមន៍មគ្គុទ្ទេសក៍ទេសចរណ៍ ក្លឹបទេសចរណ៍ខេត្តសៀមរាប និងតំណាងសហគមន៍ទេសចរណ៍បារាយណ៍ជយតដាក។
លោកអគ្គនាយករង ព្រមទាំងសិក្ខាកាមទាំងអស់បានផ្តើមកម្មវិធីដោយការសាកល្បងខ្សែទស្សនាជិះកង់ចេញពីប្រាសាទតាកែវ ឆ្លងកាត់ និងទស្សនាប្រាសាទតានៃ ស្ពានយោលឆ្លងស្ទឹងសៀមរាប រានទស្សនាបារាយណ៍ខាងជើង ទ្វារទឹក និងជាទំនប់បង្ហៀរទឹកបារាយណ៍ខាងជើង ស្ថានីយបណ្តុះកូនឈើរបស់អាជ្ញាធរជាតិអប្សរានៅប្រាសាទព្រះខ័ន និងប្រាសាទព្រះខ័ន។
នៅពេលរសៀលនាថ្ងៃដដែល សិក្ខាកាមបានស្តាប់ពីបទបង្ហាញស្តីពីការរៀបចំសហគមន៍ និងការគ្រប់គ្រង ព្រមទាំងសេវាកម្មទេសចរណ៍ជិះទូក និងជិះកង់ដែលសហគមន៍ទេសចរណ៍បារាយណ៍ជយតដាក គ្រោងដាក់បម្រើជូនភ្ញៀវទេសចរ និងបានជជែកពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកយ៉ាងផុសផុលស្តីពីការកំណត់តម្លៃសេវាកម្ម និងការចូលរួមរបស់អ្នកពាក់ព័ន្ធក្នុងការទ្រទ្រង់ដំណើរការ និងផ្សព្វផ្សាយពីសហគមន៍។
ខ្សែទស្សនាដោយជិះកង់គយគន់ទេសភាពធម្មជាតិ ស្រូបយកខ្យល់បរិសុទ្ធ ព្រមទាំងបានស្វែងយល់ពីប្រព័ន្ធធារាសាស្រ្តសម័យអង្គរ រួមទាំងខ្សែទស្សនាជិះទូកអុំ បែបបុរាណនៅក្នុងបារាយណ៍ជយតដាកសុទ្ធសឹងតែជាផលិតផលទេសចរណ៍ថ្មីនៃអង្គរ ដែលមិនប៉ះពាល់ដល់បរិស្ថាន៕