(ភ្នំពេញ)៖ លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានបង្ហាញលទ្ធផលជាវិជ្ជមាន ចំពោះការធ្វើតេស្ដកម្លាំងអំណត់ (30-15IFT test) ក្រោយធ្វើការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិ U23 ជប៉ុន កាលពីយប់មិញ ទោះបីរងបរាជ័យក្នុងលទ្ធផល ៣-១ ក៏ដោយ។

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបានទទួលស្គាល់ការបរាជ័យខាងលើ ដោយសារកត្ដាមួយចំនួន ពិសេសក្រុមជប៉ុន ដែលជាក្រុមខ្លាំងមួយ។ តែយ៉ាងណាលោកបានមើលឃើញពីភាពវិជ្ជមានរបស់កូនក្រុម ដែលមានការបម្លាស់ទីបានល្អ ដែលជាបទពិសោធន៍មួយដ៏ល្អ សម្រាប់អនាគតរបស់កីឡាករកម្ពុជា។

ពាក់ព័ន្ធលទ្ធផលទទួលបានពីការធ្វើតេស្ដ 30-15IFT test ជ្រើសរើសកីឡាករជម្រើសជាតិវិញ លោកបានពន្យល់ថា «កីឡាករធ្វើបានល្អជាងពីមុន ជាក់ស្ដែងកីឡាកររត់បានច្រើនជាងមុន។ សម្រាប់ទៅថ្ងៃអនាគត កីឡាករកម្ពុជាយើងអាចប្រៀបធៀបទៅនឹងកីឡាករប្រទេសដទៃបាន ទៅលើកម្ពស់ ទម្ងន់ ជាដើម។ នេះគឺជាចំណុចដែលយើងអាចជម្នះបាន។ ដូច្នេះយើងត្រូវតែរៀបចំស្ដង់ដារខ្ពស់ជាងនេះ ពីលើកម្លាំងអំណត់ ក៏ដូចជាទិចនិកលំបាកៗជាដើម»។

យ៉ាងណាក្ដី ក្រុមគោព្រៃកម្ពុជា ត្រូវការលើសពីអ្វីដែលមានពេលនេះ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការបញ្ជាក់បន្ថែមលោក Ryu Hirose។

គួរដឹងថា ការជ្រើសរើសកីឡាករជម្រើសជាតិចុងក្រោយនេះ ត្រូវបានលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា កំណត់ឲ្យធ្វើតេស្ដកម្លាំងអំណត់ 30-15IFT test។ តាមរយៈនេះបានធ្វើឲ្យកីឡាករមានបទពិសោធន៍ជាមួយក្រុមជម្រើសជាតិមួយចំនួន ត្រូវបាត់មុខ ហើយលេចចេញនូវវត្តមានកីឡាករថ្មីៗមួយចំនួន ដែលមានសមត្ថភាពជាប់ក្នុងការធ្វើតេស្ដនេះ៕