(បរទេស)៖ ចាប់ពីថ្ងៃទី០៥ ខែតុលាខាងមុខនេះតទៅ Apple នឹងតម្លើងថ្លៃកម្មវិធីនៅក្នុង App Store ទាំងអស់ នៅតាមបណ្តាលប្រទេសមួយចំនួនរួមមាន ប្រទេសឈីលី អេហ្ស៊ីប ជប៉ុន ម៉ាឡេស៊ី ប៉ាគីស្ថាន ប៉ូឡូញ កូរ៉េខាងត្បូង ស៊ុយអែត និងវៀតណាម ហើយជាពិសេសគឺប្រទេសដែលប្រើប្រាស់បាក់អឺរ៉ូ ទំនងជាកើនឡើងថ្លៃខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

មូលហេតុដែល Apple តម្លើងថ្លៃខ្លាំងក្នុងប្រទេសដែលប្រើប្រាស់អឺរ៉ូទាំងនេះក៏ដោយសារតែអត្រាប្រាក់អឺរ៉ូកំពុងតែចុះថ្លៃ បើធៀបនឹងប្រាក់ដុល្លារនាពេលបច្ចុប្បន្ន ហើយ Apple នឹងសម្រេចចាប់ផ្តើមឡើងថ្លៃនៅខែក្រោយនេះតែម្តង។ ជាឧទាហរណ៍តម្លៃនៅក្នុង App Store កម្រិតទាបនឹងកើនឡើងពីតម្លៃបច្ចុប្បន្ន ០.៩៩អឺរ៉ូ ទៅ ១.១៩អឺរ៉ូ ខណៈកម្រិតអតិបរមាត្រូវបានគេកំណត់ថានឹងកើនឡើងពី ៩៩៩អឺរ៉ូ ដល់ ១,១១៩អឺរ៉ូ (ចន្លោះពី ១,០០០ ទៅ ១,២០០ដុល្លារ) នេះបើយោងតាមការចេញផ្សាយរបស់ Apple។

តែយ៉ាងណាចំពោះតម្លៃតាមបណ្តាលប្រទេសផ្សេងៗទៀត Apple មិនទាន់មានការបញ្ជាក់លម្អិតណាមួយនោះ។

គួរបញ្ជាក់ដែរថា Apple នឹងចាប់ផ្តើមកែតម្រូវតម្លៃតាមលំដាប់ថ្នាក់នៅក្នុង App Store របស់ខ្លួនជុំវិញពិភពលោកក្នុងពេលខាងមុខនេះ ហើយព័ត៌មានលម្អិតបន្ថែមអំពីការកើនឡើងថ្លៃយ៉ាងណានោះអាចរកបាននៅលើគេហទំព័រ Developer របស់ Apple៕