(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចូលរួមឧបត្ថម្ភកម្មវិធី សម្រាប់វេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក លើកទី៩ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលរៀបចំដោយស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងពង្រីកនូវលទ្ធភាព ទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម ទូទាំងសកលលោក។

បុព្វហេតុចម្បង នៃការចូលរួមឧបត្ថម្ភរបស់ធនាគារ សម្រាប់វេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោកនេះ គឺ១៖ ដើម្បីលើកកម្ពស់ដៃគូធុរកិច្ច សម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ ស្របតាមបេសកកម្មស្នូលរបស់ធនាគារ អេស៊ីលីដា និង២៖ របៀបវារៈនៃវេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក លើកទី៩នេះ ស្តីពី តំណភ្ជាប់ទៅនឹងឌីជីថលនីយកម្ម សម្រាប់ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ប្របកដោយបរិយាប័ន្ន និងនិរន្តរភាព ស្របតាមដំណើរការ នៃការកម្លាយខ្លួនទៅជាធនាគារឌីជីថលរបស់ធនាគារ អេស៊ីលីដា៕