(ភ្នំពេញ)៖ នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នឹងរៀបចំពិព័រណ៌ការងារ និងផលិតផលជាតិឆ្នាំ២០២២ នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។

សម្រាប់ឆ្នាំ២០២២នេះ ពិព័រណ៍ការងារ និងផលិតភាពជាតិនឹងនាំមកនូវឱកាសការងារជាង ២ម៉ឺនកន្លែង ក្នុងមុខជំនាញផ្សេងៗគ្នាជាច្រើនពីក្រុមហ៊ុន អង្គការ និងស្ថាប័នធំៗជាង ១៥០ ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។ កុំភ្លេចត្រៀម CV ឱ្យបានច្រើន! ដាក់ពាក្យស្នើសុំការងារបានច្រើនជម្រើស!

គោលដៅនៃការរៀបចំនូវពិព័រណ៍ការងារ និងផលិតភាពជាតិថ្នាក់ជាតិនេះ គឺដើម្បី៖
* ង្កើតជាវេទិកាប្រមូលផ្ដុំឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់ នៅមួយកន្លែងងាយស្រួល និងអាចចូលមើលតាមប្រព័ន្ធអនឡាញ ពីគ្រប់ទីកន្លែងទូទាំងប្រទេស សម្រាប់និយោជក អ្នកស្វែងរកការងារ និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល

* និយោជកអាចតាំងបង្ហាញនិងផ្សព្វផ្សាយពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម ដើម្បីទាក់ទាញអ្នកស្វែងរកការងារដែលមាន សមត្ថភាពជំនាញ និងសក្តានុពល ស្របតាមតម្រូវការ

* អ្នកស្វែងរកការងារអាចដាក់ពាក្យ និងសម្ភាសការងារផ្ទាល់ និងតាមប្រព័ន្ធអនឡាញព្រមទាំងទទួលបានព័ត៌មានអំពីឱកាសការងារ និងឱកាសក្នុងការអភិវឌ្ឍជំនាញ

* អ្នកផ្តល់ការអប់រំបណ្តុះបណ្តាលអាចផ្សព្វផ្សាយកម្មវិធីសិក្សា វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញគ្រប់ប្រភេទ

* លើកកម្ពស់ការយល់ដឹង និងបណ្ដុះគំនិតអំពីការបង្កើនផលិតភាពតាមរយៈសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ដោយវាគ្មិនជាតិ-អន្ដរជាតិល្បីៗ

*បង្កើតវេទិកាសម្រាប់ពង្រីកបណ្ដាញទំនាក់ទំនងផ្នែកធនធានមនុស្ស (HR Networking)

សម្រាប់អ្នកស្វែងរកការងារ ដែលមិនអាចមកចូលរួមដោយផ្ទាល់ក៏អាច ដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានផងដែរ ដែលមាន គេហទំព័រពិព័រណ៌ ការងារ http://careerfair.nea.gov.kh/។ សម្រាប់ព័ត៌មាន បន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទ 017 467 423, 096 2155 162, 016 78 66 55 (Telegram)៕