(បរទេស)៖ ក្រុមហ៊ុនផលិតអាគុយធំបំផុតរបស់កូរ៉េខាងត្បូង LG Energy Solution បានប្រកាសបង្ហាញនាពេលថ្មីៗនេះថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីប្រភពលីចូម និង Cobalt ជាមួយក្រុមហ៊ុនរុករករ៉ែចំនួន ៣ របស់កាណាដា។ ខណៈកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដេញថ្លៃដើម្បីពង្រីកទីតាំងរបស់ខ្លួននៅអាមេរិកខាងជើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងកិច្ចព្រមព្រៀងនោះ LG បានសហការជាមួយក្រុមហ៊ុនរុករករ៉ែរបស់កាណាដាចំនួន ៣ ដែលមានទីតាំងនៅសហរដ្ឋអាមេរិករួមមានក្រុមហ៊ុន Electra នឹងផ្គត់ផ្គង់ LG ជាមួយ cobalt sulfate ចំនួន ៧,០០០តោនសម្រាប់រយៈពេល ៣ឆ្នាំចាប់ពីឆ្នាំ ២០២៣ ហើយក្រុមហ៊ុន Avalon នឹងផ្គត់ផ្គង់ lithium hydroxide ប្រមាណ ៥៥,០០០តោនសម្រាប់រយៈពេល ៥ឆ្នាំ ចំណែកក្រុមហ៊ុនចុងក្រោយគឺ Snowlake នឹងផ្គត់ផ្គង់ lithium hydroxide ប្រមាណ ២០០,០០០តោន សម្រាប់រយៈពេល ១០ឆ្នាំតទៅមុខទៀត។
គួរបញ្ជាក់ដែរថា ទាក់ទិនទៅនឹងកិច្ចព្រមព្រៀងបែបនេះ សហរដ្ឋអាមេរិកធ្លាប់បានចេញច្បាប់ថ្មីមួយ ដែលជាច្បាប់កាត់បន្ថយអតិផរណា ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីខែសីហាកន្លងទៅ។ ខណៈច្បាប់នោះមានខ្លឹមសារថា គ្រប់ក្រុមហ៊ុន និងដៃគូពាណិជ្ជកម្មទាំងអស់ដែលផលិតអាគុយលើទឹកដីអាមេរិក ត្រូវតែបង់ភាគរយនៃសារធាតុរ៉ែសំខាន់ៗទាំងនោះ៕