(ភ្នំពេញ)៖ ប្រតិភូអូឡាំពិកអាស៊ី និងបណ្ដាប្រទេសមួយចំនួន ដែលបានចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី(OCA) លើកទី៤១ នៅកម្ពុជា បានធ្វើដំណើរទស្សនាកិច្ច ទៅកាន់តំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ក្រោយបញ្ចប់មហាសន្និបាត ហើយបានសម្ដែងនូវសេចក្ដីរីករាយ និងកោតសរសើរជាខ្លាំង ចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូអូឡាំពិកអាស៊ី និងប្រតិភូបណ្ដាប្រទេសចលនាអូឡាំពិក ដែលចូលរួមមហាសន្និបាត OCA ចាប់ពីថ្ងៃទី០១-០៥ ខែតុលា ឆ្នាំ២០២២ នេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញ និងណែនាំពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC។

លោកបន្ដថា «ថ្ងៃនេះ ទាំងព្រឹក និងល្ងាច ប្រតិភូអូឡាំពិកអាស៊ី គឺបានធ្វើដំណើរកម្សាន្ដក្នុងទីក្រុងភ្នំពេញ ដោយបែងចែកជាក្រុមតូចៗ ក្រោមការសម្របសម្រួលរបស់មន្ដ្រីក្រសួងទេសចរណ៍ ដែលជាមគ្គទេសក៍ ដឹកនាំប្រតិភូទាំងអស់ ធ្វើដំណើរកម្សាន្ដទៅកន្លែងសំខាន់ៗ ក្នុងនោះមានក្រុមខ្លះ ជិះកប៉ាល់តូចតាមដងទន្លេទស្សនាទីក្រុង ក្រុមខ្លះទៅទស្សនានៅសារៈមន្ទីរទួលស្លែង ក្រុមខ្លះទៅទស្សនាសារៈមន្ទីរជាតិ និងក្រុមខ្លះទៅទស្សនាព្រះបរមរាជវាំង»

«ដំណើរទស្សនាកិច្ចនេះ ក្រោយបញ្ចប់ការប្រកួតជុំ ក្នុងមហាសន្និបាត OCA ហើយបានធ្វើឲ្យប្រតិភូទាំងអស់ ដែលបានចូលរួមដំណើរកម្សាន្ដនេះ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងកោតសរសើរ ចំពោះវឌ្ឍនភាព និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោនាយករដ្ឋមន្ដ្រី។ ហើយប្រតិភូទាំងអស់ ក៏បានចាប់អារម្មណ៍ និងកោតសរសើរ ចំពោះភាពរួសរាយរាក់ទាក់ និងការស្វាគមន៍ដ៏កក់ក្ដៅរបស់ប្រជាជនកម្ពុជាផងដែរ»។ លោក វ៉ាត់ ចំរើន បន្ថែម។

គួរដឹងថា មហាសន្និបាត OCA លើកទី៤១ នៅកម្ពុជា បានធ្វើឡើងរយៈពេល ៥ថ្ងៃ ពីថ្ងៃទី០១-០៥ ខែតុលា ដោយមានឥស្សរជន និងថ្នាក់ដឹកនាំចលនាអូឡាំពិកជាតិ អាស៊ី និងអន្ដរជាតិ ចូលរួមសរុបប្រមាណ ៤០០នាក់ មកពី ៥៥ប្រទេស។ ពិធីបើកមហាសន្និបាតនេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីម្សិលមិញ ហើយក៏មានការចូលរួមពីលោក Raja Randhir Singh ប្រធានស្តីទី OCA ផងដែរ៕