(សៀមរាប)៖ ថ្មីៗនេះ មានការប្រទះឃើញថ្មចម្លាក់ក្បាលនាគគ្រុឌមួយធ្វើពីថ្មភក់ ដែលបានផុសឡើងតាមឫសឈើរលំដួលនៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។ ថ្មចម្លាក់នេះជាស្ថាបត្យកម្មស្ថិតក្នុងរចនាបថបាយ័ន ដែលច្រើននិយមសាងសង់ឡើងក្នុងរាជ្យព្រះបាទជយវម៌្មទី៧ (ជ័យវរ្ម័នទី៧) ចុងសតវត្សទី១២និងដើមសតវត្សទី១៣។
លោក ឈូក សុម៉ាឡា មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាបានសន្និដ្ឋានថា បំណែកចម្លាក់នេះអាចយកចេញពីប្រាសាទបាយ័ន តែមិនដឹងថាយកមកទីតាំងនេះក្នុងគោលបំណងអ្វី និងពេលណានោះទេ។ ដើម្បីរក្សាសុវត្ថិភាពនូវបំណែកក្បាលនាគគ្រុឌនេះ អាជ្ញាធរជាតិអប្សរាយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីចុះបញ្ជីទុកជាឯកសារ លាងសម្អាត រក្សាទុកទៅតាមបច្ចេកទេស និងស្វែងរកទិន្នន័យផ្សេងទៀតផងទាក់ទងនឹងបំណែកក្បាលនាគនេះ ងាយស្រួលយកទៅដាក់នៅទីតាំងដើមវិញ ប្រសិនបើមានការជួសជុលនៅទីតាំងដែលបានបាត់បង់នោះ។
លោក ឈូក សុម៉ាឡា បានបន្ថែមថា រូបចម្លាក់បែបនេះច្រើនឃើញនៅរចនាបថបាយ័នក្នុងរាជ្យព្រះបាទជយវម៌្មទី៧ ដែលទ្រង់បានយកនាគនិងគ្រុឌដែលជាសត្រូវនឹងគ្នាមកបញ្ចូលក្នុងសិល្បៈតែមួយ។
«អាចថាព្រះអង្គចង់បង្ហាញពីទស្សនៈបង្រួបបង្រួមសាសនារវាងព្រហ្មណ៍សាសនានិងព្រះពុទ្ធសាសនា (សុខដុមនីយកម្មសាសនា) ទើបព្រះអង្គឱ្យស្ថាបត្យករបញ្ចូលនាគនិងគ្រុឌនៅជាមួយគ្នា និងបានក្លាយជាទម្រង់ពេញនិយមជាក់លាក់មួយក្នុងរជ្ជកាលរបស់ព្រះអង្គ ទើបអ្នកប្រវត្តិវិទ្យាបានចាត់បញ្ចូលសិល្បស្ថាបត្យកម្មនេះថាជារចនាបថបាយ័ន»។ លោក សុម៉ាឡា បន្ថែមយ៉ាងដូច្នេះ។
ប្រវត្តិវិទូ លោក អ៉ឹម សុខរិទ្ធី បានថ្លែងប្រាប់ Fresh News យ៉ាងដូច្នេះថា លោកក៏មិនទាន់ឃើញមានឯកសារ ឬសិលាចារឹកដែលបញ្ជាក់អំពីអត្ថន័យនៃទម្រង់សិល្បៈចម្លាក់សំយោគនាគគ្រុឌនេះទេ ប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវពីអ្នកបុរាណវិទ្យា ប្រវត្តិវិទូ និងអ្នកជំនាញនានានោះ គឺគេដឹងថាព្រះបាទជ័យវរ្ម័នទី៧តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់អាណាប្រជានុរាស្ត្រព្រះអង្គយ៉ាងពន់ពេក ក្នុងនោះព្រះអង្គការយកព្រះទ័យទុកដាក់អំពីសុខដុមរមនីយប្រជាបរិស័ទទាំងខាងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាផងដែរ។
ការណ៍នេះគឺដោយសារព្រះអង្គបានទតឃើញនូវវិបត្តិសង្គមយ៉ាងច្រើនអនេកដែលកើតឡើងបន្ទាប់ពីមានចម្បាំងសឹករវាងខ្មែរនិងចាម ដោយនៅមុនពេលព្រះអង្គឡើងគ្រងរាជ្យ គឺក្រុងយសោធរបុរៈ (ក្រុងអង្គរ) ត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់នគរចាម្ប៉ា ហើយព្រះអង្គក៏បានរៀបចំកសាងកម្លាំងទ័ពចេញច្បាំងបណ្ដេញចាមឈ្លានពានចេញពីអង្គរ ហើយក៏បានឡើងសោយរាជ្យ និងរៀបចំសង្គមកិច្ចឡើងវិញ។
លោកប្រវត្តិវិទូបានបន្ថែមថា រឿងដែលថាព្រះបាទជ័យវរ្ម័នទី៧សព្វព្រះទ័យឱ្យស្ថាបត្យករឆ្លាក់រូបនាគគ្រុឌនោះ គឺពិតជាមានការពន្យល់ជាហូរហែមកមែន ប៉ុន្តែលោកថាមិនមានទឡ្ហីករណ៍ច្បាស់លាស់នៅឡើយទេ។
ទោះជាយ៉ាងណា លោក អ៉ឹម សុខរិទ្ធី បានបញ្ជាក់ថា រូបសត្វនាគនិងគ្រុឌនេះគឺសុទ្ធតែជានិម្មិតរូបតំណាងឱ្យអំណាចព្រះមហាក្សត្រសម័យបុរាណ ពីព្រោះនៅតាមទីតាំងបុរាណដ្ឋានទាំងឡាយសុទ្ធតែមានបន្សល់នូវចម្លាក់ ឬរូបសត្វនាគនិងគ្រុឌ ក៏ដូចជានិម្មិតរូបដទៃទៀតជាច្រើន ឧទាហរណ៍ដូចជានៅព្រះលានជល់ដំរី គេឃើញមានទាំងនាគ គ្រុឌ គជសា (ដំរី) សិង្ហ (តោ)។
«កាលណាមានរូបសត្វទេពទាំងនេះហើយ គឺប្រៀបដូចជាមានព្រះវត្តមានរបស់ព្រះមហាក្សត្រ ក៏ដូចជាការបង្ហាញនូវនិម្មិតរូបតំណាងព្រះរាជាផងដែរ» នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក អ៉ឹម សុខរិទ្ធី។
ក្នុងរជ្ជកាលព្រះមហាក្សត្រគ្រប់អង្គតែងមានព្រះរាជគ្រូដែលមានទេពកោសល្យជំនាញវិជ្ជាការជាច្រើន ក្នុងនោះក៏មានខាងផ្នែកស្ថាបត្យកម្ម ដូច្នេះព្រះបាទជយវម៌្មទី៧ព្រះអង្គសព្វព្រះទ័យនិយមនូវសិល្បរចនាបថនាគគ្រុឌនេះដែរ តួយ៉ាងគេឃើញនៅតាមបង្កាន់ដៃស្ពាន ឬផ្លូវចេញប្រាសាទបាយ័នខេត្តសៀមរាប ប្រាសាទបន្ទាយឆ្មារខេត្តបន្ទាយមានជ័យ ប្រាសាទតាព្រហ្មទន្លេបាទីខេត្តតាកែវ ប្រាសាទនគរបាជ័យខេត្តកំពង់ចាមជាដើម៕