(សៀមរាប)៖ ថ្មីៗនេះមានការចាប់អារម្មណ៍ទៅលើរូបចម្លាក់អប្សរាមួយនៅប្រាសាទតាព្រហ្ម ខេត្តសៀមរាប ដែលរបេះមុខចេញពីកន្លែងដើម (របេះសាច់ថ្ម) តាមរយៈការចែកចាយរូបភាពនៅលើបណ្ដាញសង្គម ជាមួយនឹងការចោទសួរទៅកាន់អាជ្ញាធរជាតិអប្សរាដែលជាអ្នកគ្រប់នៅតំបន់អង្គរផងដែរ អ្នកខ្លះក៏បានទាមទារឱ្យមានការបកស្រាយចំពោះការបាត់មុខអប្សរានេះ។

ទន្ទឹមនឹងចម្ងល់មន្ទិលនេះ អាជ្ញាធរជាតិអប្សរាបានចេញមកស្រាយយ៉ាងច្បាស់លាស់អំពីមូលហេតុនៃការខូចខាតចម្លាក់នេះ ដោយអះអាងថាការបាត់មុខអប្សរានៅប្រាសាទតាព្រហ្មនោះ មិនមែនជាការលួចដាប់គាស់យកទៅណានោះទេ ពោលហេតុដែលនាំឱ្យមានការរបេះបាត់នេះគឺមកពីកត្តាធម្មជាតិ និងអាយុកាលនៃថ្ម។

លោក សោម ប៊ុនធឿន អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទតាព្រហ្ម បានរាយការណ៍ថា ផ្ទៃមុខអប្សរាដែលបាត់នោះពុំមានអ្នកណាដាប់ ឬលួចយកនោះទេ ពោលរូបខាងលើគឺបានជ្រុះធ្លាក់ដោយសារអាយុកាល និងធម្មជាតិ ពុំមែនជាសកម្មភាពរបស់មនុស្សលួចដាប់ឡើយ។

លោកស្រី នេត ស៊ីម៉ន មន្រ្តីបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការនៅប្រាសាទតាព្រហ្មបានលើកឡើងថា លោកស្រីបានទទួលព័ត៌មានពីករណីខាងលើពីក្រុមភ្នាក់ងារទេសចរណ៍ និងបានចុះទៅពិនិត្យជាមួយផ្នែកពាក់ព័ន្ធ ដូចជានគរបាលបេតិកភណ្ឌជាដើម។ តាមការវាយតម្លៃ ផ្ទៃមុខអប្សរានោះគឺរបេះមកដោយខ្លួនឯង ដោយមានស្នាមប្រេះយូរហើយ តែគេមើលមិនឃើញ។

លោកស្រីបានបន្ថែមថា តាមការសង្កេតផ្ទៃថ្មដែលជាប់ជញ្ជាំង គឺមានកូនឫសឈើដើមត្រាងចាក់ចូល ហើយមានស្នាមប្រេះស្រាប់ផងនោះ ទើបឫសឈើវាបានផ្ទាត់រូបមុខអប្សរានោះឱ្យជ្រុះធ្លាក់។ យ៉ាងណាក្ដី លោកស្រី នេត ស៊ីម៉ន បានបញ្ជាក់ថា ជាសំណាងល្អផ្ទាំងមុខអប្សរាបានជ្រុះទើរលើឫសឈើនៅក្រោមនោះស្រាប់ មិនដូច្នោះទេអាចធ្វើឱ្យបែកដោយងាយ។

មន្រ្តីរូបនេះបញ្ជាក់ទៀតថា បច្ចុប្បន្នផ្ទៃមុខដែលជ្រុះនោះត្រូវបានរក្សាទុកនៅទីមានសុវត្ថិភាព និងរង់ចាំពេលវេលាអំណោយផល អាកាសធាតុល្អ ហើយនៅពេលដែលទីតាំងថ្មរបេះនោះស្ងួតល្អវិញ ក្រុមការងារភាគីឥណ្ឌាដែលសហការជួសជុលប្រាសាទតាព្រហ្មនឹងយកមកបិទឡើងវិញ៕