(សៀមរាប)៖ ស្ពានថ្មីនៅប្រាសាទនាគព័ន្ធបានចាប់ផ្តើមបើកឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ចូលទៅទស្សនាប្រាសាទនាគព័ន្ធ ជាពិសេសទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៅលើផ្ទៃទឹកនៃបារាយណ៍ជ័យតដាក ឬនាគព័ន្ធ (បារាយណ៍ខាងជើង)។
លោក វិចិត្រ ប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យបានឱ្យដឹងថា នេះជាលើកទី១ហើយដែលរូបលោកបាននាំក្រុមគ្រួសារចូលមកទស្សនាប្រាសាទនាគព័ន្ធ ដោយសារធ្វើដំណើរឆ្លងកាត់បានឃើញស្ពានថ្មីមួយ ទើបតែសាងសាងរួចរាល់មានរូបរាងស្រស់ស្អាត ទើបចាប់ចិត្តចង់ចូលទស្សនាទិដ្ឋភាពនៅទីនេះ។ លោកបន្តថា នៅពេលបានឆ្លងកាត់លើស្ពានថ្មីនេះពិតជាមិនខកបំណងឡើយ ព្រោះមានទេសភាពស្រស់ស្អាត ផ្ទៃទឹកខៀវស្រងាត់ ព្រមជាមួយសត្វស្លាបហោះហើរឆ្លងកាត់ព្រោងព្រៀតជាទីចាប់អារម្មណ៍សម្រាប់អ្នកទេសចរ។
ចំណែកលោក សេង គុណ ប្រជាពលរដ្ឋមកពីស្រុកប្រាសាទបាគងបានបង្ហាញថា ក្រោយទទួលបានព័ត៌មានអំពីការជួសជុលស្ពានថ្មីនៅមុខប្រាសាទនាគព័ន្ធបានរួចរាល់ ហើយអនុញ្ញាតឱ្យភ្ញៀវទេសចរឆ្លងកាត់ហើយនោះ លោកក៏បានសម្រេចចិត្តមកទស្សនាប្រាសាទនាគព័ន្ធ។ ក្នុងនោះលោកសង្កេតឃើញស្ពានថ្មីនេះមានភាពរឹងមាំ ស្រស់ស្អាត និងធំទូលាយជាងមុន។ លោកក៏រំពឹងថានឹងមានភ្ញៀវទេសចរមកទស្សនាប្រាសាទនាគព័ន្ធនេះកាន់តែច្រើនថែមទៀត។
គួររំឭកថា បារាយណ៍ជ័យតដាក ឬនាគព័ន្ធ (បារាយណ៍ខាងជើង) ស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ បារាយណ៍នេះមានបណ្តោយ៣៦០០ម៉ែត្រ និងទទឹង៩៣០ម៉ែត្រ។
ដោយសារភាពរីងស្ងួតអស់កាលជាយូរឆ្នាំមកហើយ នៅក្នុងឆ្នាំ២០០៥ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមការងារជួសជុលប្រព័ន្ធធារាសាស្ត្របុរាណឡើងវិញ មានទំនប់ និងប្រឡាយបង្ហូរទឹក ដើម្បីអាចរក្សាទឹកក្នុងបារាយណ៍បាន ហើយនៅក្នុងឆ្នាំ២០០៧ អាជ្ញាធរជាតិអប្សរាក៏បានបង្ហូរទឹកចូលមក ធ្វើឱ្យបារាយណ៍ជ័យតដាកមានជីវិតសាជាថ្មីម្តងទៀត។
បច្ចុប្បន្នបារាយណ៍នេះបានដើរតួយ៉ាងសំខាន់ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងដល់មនុស្សក្នុងក្រុងអង្គរធំ នាគព័ន្ធ និងនៅប្រាសាទព្រះខ័ន៕