(សៀមរាប)៖ ព្រះពន្លាជ័យ ឬកំពង់ទឹកខាងកើតប្រាសាទព្រះខ័ន ខេត្តសៀមរាប បានរំលេចនូវសោភ័ណភាព ភាពរឹងមាំ និងភាពទាក់ទាញឡើងវិញ បន្ទាប់ពីក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលនាពេលថ្មីៗនេះ។
គួរជម្រាបថា ខឿនព្រះពន្លាជ័យដែលស្ថិតនៅខាងកើតប្រាសាទព្រះខ័ន គឺជារចនាសម្ពន្ធមួយក្នុងចំណោមរចនាសម្ព័ន្ធផ្សេងៗនៃប្រាសាទនេះ កសាងឡើងក្នុងរាជ្យព្រះបាទជយវម៌្មទី៧ ចន្លោះចុងសតវត្សទី១២ដល់សតវត្សទី១៣។ នាសម័យនោះ ព្រះពន្លាជ័យនេះជាកន្លែងដែលព្រះរាជាធ្វើដំណើរតាមទូកទៅកាន់ក្រុមប្រាសាទនាគព័ន្ធនៅលើកូនកោះកណ្តាលបារាយជយតដាក ឬបារាយណ៍ខាងកើត។
លោក ជា សារិទ្ធិ ប្រធានគម្រោងជួសជុលកំពង់ទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយពិនិត្យឃើញរចនាសម្ពន្ធរបស់កំពង់ទឹករងសភាពខូចខាតទ្រុឌទ្រោមខ្លាំង ទើបឆ្នាំ២០២២អាជ្ញាធរជាតិអប្សរាចាប់ផ្តើមសិក្សាអំពីគម្រោងជួសជុលកំពង់ទឹកដែលនៅសល់ឡើងវិញ ដើម្បីថែរក្សានូវរូបរាងសំណង់ឱ្យបានគង់វង់។
លោកបានបន្តថា គម្រោងនេះចែកជាពីរដំណាក់កាល ដែលដំណាក់កាលទី១ចាប់ផ្តើមនៅខែមករា ឆ្នាំ២០២២ រហូតដល់បច្ចប្បន្នបានបញ្ចប់ការងារជួសជុលរួចរាល់។
លោកបន្តថាមូលហេតុដែលនាំឱ្យមានការជួសជុល ដោយសារខឿនកំពង់ទឹកមានការខូចខាត និងបាត់ថ្មអស់ច្រើន ដោយកត្តាអាយុកាលនៃសំណង់ ឫសឈើចាក់បំប៉ើងថ្ម ទឹកភ្លៀងហូរច្រោះដី នាំឱ្យខឿនជុំវិញស្រុតចុះ និងផ្នែកខ្លះរអិលធ្លាក់ចូលក្នុងទឹកជាដើម។ មុនពេលដំណើរការជួសជុល ក្រុមការងារបានធ្វើកំណាយស្រាវជ្រាវ ហើយរកឃើញថ្មមួយចំនួនត្រឡប់មកវិញ និងបានយកថ្មទាំងនោះរៀបចំទៅក្នុងទីតាំងដើមវិញ។
លោកបានបន្តថា ក្រោយពេលជួសជុលកំពង់ទឹកនេះនឹងមានភាពល្អប្រសើរ រឹងមាំ ដែលរក្សាបាននូវតម្លៃដើមនៃសំណង់បុរាណ ធ្វើឱ្យភ្ញៀវទេសចរអាចស្គាល់ថាព្រះពន្លាជ័យ (កំពង់ទឹក) ជាពិសេសផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរអាចធ្វើដំណើរឆ្លងកាត់ទៅទស្សនាប្រាសាទព្រះខ័នផ្នែកខាងកើត និងអាចទស្សនាទិដ្ឋភាពប្រាសាទនាគព័ន្ធលើកោះកណ្តាលបារាយជយតដាក ឬបារាយខាងជើង។
សូមជម្រាបថា សំណង់កំពង់ទឹកខាងកើតប្រាសាទព្រះខ័នសាងសង់នៅលើខ្នងទំនប់ខាងលិចនៃបារាយខាងជើង រចនាសម្ពន្ធនៃកំពង់ទឹកនេះផ្នែកខាងកើតរាងកាកបាទមានជណ្តើរ៣ទិស ផ្នែកកណ្តាលមានខឿនធំបណ្តោយពីខាងលិចខាងកើតប្រវែង២០ម៉ែត្រ ទទឹងខាងជើងខាងត្បូងប្រវែង២០ម៉ែត្រ។ ទីតាំងនេះធ្លាប់មានការធ្វើកំណាយសម្អាតក្នុងសម័យបារាំងនាឆ្នាំ១៩២៨ បន្ទាប់មកក្នុងឆ្នាំ២០០៦ អង្គការមូលនិធិប្រាសាទពិភពលោកបានសិក្សាស្រាវជ្រាវធ្វើកំណាយសម្អាតជុំវិញខឿន ដើម្បីសិក្សាប្លង់ស្ថាបត្យកម្មនៃកំពង់ទឹក និងឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរាបានធ្វើការងារជួសជុលពង្រឹងឡើងវិញ៕