(សៀមរាប)៖ គ្រួសារលោក សុន សុធុល ដែលជាគ្រួសារពលរដ្ឋខ្មែរមួយកំពុងរស់នៅប្រទេសកាណាដាបានស្ម័គ្រចិត្តរួមគ្នាបរិច្ចាគថវិកាមួយចំនួន ដើម្បីជួយដល់ដំណើរការជួសជុលរូបចម្លាក់ថ្មទេវតាទាញនាគតួទី៨ នៅខ្លោងទ្វារតាកាវនៃក្រុងអង្គរធំជាមួយអាជ្ញាធរជាតិអប្សរា ដោយសារតែទឹកចិត្តស្រឡាញ់និងមានបំណងចង់ចូលរួមអភិរក្សប្រាង្គប្រាសាទបុរាណ និងជាសម្បត្តិបេតិកភណ្ឌដែលជាស្នាដៃដ៏មានតម្លៃរបស់បុព្វបុរសខ្មែរឱ្យស្ថិតនៅគង់វង្សសម្រាប់កូនខ្មែរជំនាន់ក្រោយ។
ស្ថាបត្យករនិងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវ កញ្ញា ម៉េង សុវណ្ណលីលីន បានសម្តែងការត្រេកអរនិងថ្លែងអំណរគុណចំពោះពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសកាណាដាខាងលើ។ បច្ចុប្បន្ន ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាកំពុងបន្តជួសជុលរូបចម្លាក់ទេវតាទាញនាគតួទី៨ តាមរយៈជំនួយថវិកាពីសប្បុរសជនខ្មែរនៅប្រទេសកាណាដានេះ។ ប៉ុន្តែការងារជួសជុលរូបទេវតាទាញនាគនេះមិនអាចធ្វើបន្តត្រឹមតែតួទី៨ប៉ុណ្ណោះទេ គឺចាំបាច់ទាមទារឱ្យមានការជួសជុលតួទី៩ស្របពេលជាមួយគ្នា ពីព្រោះតែរចនាសម្ពន្ធកំណាត់ខ្លួននាគទី៨និងទី៩មានទំនាក់ទំនងនឹងគ្នា។
គម្រោងជួសជុលខ្លោងទ្វារតាកាវមានពីរផ្នែក គឺដំណាក់កាលទី១ ក្រុមការងារបានជួសជុលពង្រឹងតួខ្លោងទ្វារ និងដំណាក់កាលទី២ គឺជួសជុលចម្លាក់ទេវតានិងចម្លាក់អសុរាទាញនាគនៅអមសងខាងស្ពានហាលបានចំនួន៧តួរួចហើយ។
សូមជម្រាបថា ស្ពានហាលខ្លោងទ្វារតាកាវរបស់ក្រុងអង្គរធំមានអាយុកាលច្រើនរយឆ្នាំមកហើយ មកដល់សព្វថ្ងៃទទួលរងការគំរាមកំហែងពីអាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើធំៗបណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតាជាច្រើនបានដួលរលំ។ ដោយសារភាពទ្រុឌទ្រោមខ្លាំងនេះ បច្ចុប្បន្នខ្លោងទ្វារតាកាវបានបិទជាបណ្ដោះអាសន្ន មិនឱ្យអ្នកដំណើរឆ្លងកាត់ទេ ទីមួយដើម្បីសុវត្ថិភាពអ្នកដំណើរ និងទី២ដោយសារតែក្រុមអ្នកជំនាញកំពុងបន្តអនុវត្តដំណើរការជួសជុលឱ្យប្រសើរឡើងវិញ៕