(សៀមរាប)៖ ចម្លាក់តោចំនួន២មានទម្ងន់ជាង៣តោន កម្ពស់ជាង២ម៉ែត្រ ដែលយកពីកំពង់ទឹករបស់ស្ពានហាលផ្នែកខាងជើងនៃស្ពានហាលចូលប្រាសាទអង្គរវត្តតាំងពីឆ្នាំ១៩៩៧ យកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរ កំពុងត្រូវបានជួសជុលពង្រឹងឡើងវិញបានប្រមាណ៩៥ភាគរយហើយ ដោយក្រុមអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា។

ក្រោយពីបញ្ចប់ការងារជួសជុលរួចរាល់ អាជ្ញាធរជាតិអប្សរាត្រៀមនឹងយកចម្លាក់តោទាំងគូទៅដាក់ទីតាំងដើមឡើងវិញ នៅកំពង់ទឹកផ្នែកខាងជើងនៃស្ពានហាលមុខប្រាសាទអង្គរវត្តនៅដើមខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ក្រោយពីឃ្លាតចាកឆ្ងាយពីទីតាំងដើមប្រមាណ២៥ឆ្នាំ រក្សាបាននូវទម្រង់ដើម លើកតម្លៃ និងបង្កើនសោភ័ណភាពកំពង់ទឹកស្ពានហាលរបស់ប្រាសាទអង្គរឡើងវិញ ក្រោយពីទីតាំងស្ពានហាលនេះជិតបញ្ចប់ការជួសជុល។

លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា បានលើកឡើងថា ក្រុមការងាររបស់លោកចាប់ផ្តើមជួសជុលចម្លាក់ទាំងនេះពីខែមេសា ឆ្នាំ២០២២ រហូតដល់ពេលនេះរយៈពេល៦ខែ។ ដំបូង ក្រុមការងារបានរៀបចំធ្វើឯកសារ និងប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា។ មកដល់ពេលនេះ ចម្លាក់តោទាំងគូ មានភាពរឹងមាំឡើងវិញហើយ ដោយបានបំពេញនូវកន្លែងខូចខាតនឹងបានបង់ថ្មមួយចំនួនដូចជា ជើងទម្រ ជើង ដងខ្លួន និងផ្នែកផ្សេងៗរបស់តោដែលចាំបាច់សម្រាប់ធានាភាពយូរអង្វែងរបស់តោ ជៀសវវាងការខូចខាតបន្តទៀត។

លោក ណារី បានលើកឡើងថា ចម្លាក់តោថ្មនេះ មុនការជួសជុលមានសភាពទ្រុឌទ្រោម បែកបាក់រូបរាងជាអន្លើរនៅផ្នែកជើងទម្រ ជើង ទ្រូង និងផ្នែកខាងក្រោយជាដើម។ នៅសម័យបារាំង ចម្លាក់តោនេះត្រូវបានជួសជុលដោយប្រើស៊ីម៉ង់ត៍ និងដែកបិទភ្ជាប់ដើម្បីឱ្យមានលំនឹងអាចឈរបានប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាក៏បានបែកបាក់ជាបន្តបន្ទាប់តាមអាយុកាលស៊ីម៉ងត៍។

លោកបញ្ជាក់ថា ក្នុងការជួសជុល ក្រុមការងារក៏បានប្រើបច្ចេកទេសជួសជុលសមស្រប ទៅតាមបទដ្ឋានដែលអាចធានាបាននូវលក្ខណៈដើម និងសុវត្ថិភាពយូរអង្វែងនៃចម្លាក់។ រីឯបច្ចេកទេស និងការជួសជុលក៏ត្រូវបានទទួលស្គាល់ដោយអ្នកជំនាញការអាដហុក៕