(សៀមរាប)៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាលនៃប្រាសាទអង្គរវត្ត ប្រវែង២០ម៉ែត្រថ្មីទៀតអាចនឹងបញ្ចប់នៅមុនការគ្រោងទុក។

ក្រុមការងារអះអាងបែបនេះ បន្ទាប់ពីការងាររៀបកាំជណ្តើរថ្មបាយក្រៀមថ្មីបានរួចរាល់ ហើយការងាររៀបឡើងវិញនូវកាំជណ្តើរថ្មភក់បុរាណរៀបត្រូវតាមលំនាំដើម មានដំណើរការឆាប់រហ័ស ដែលមកដល់ពេលនេះ នៅសល់តែកាំជណ្តើរថ្មភក់ផ្នែកខាងលើប្រហែល២ទៅ៣ដុំទៀតប៉ុណ្ណោះ ដែលនឹងត្រូវធ្វើបង្ហើយឆាប់ៗនេះ។

ប្រធានការដ្ឋាន អ្នកស្រី នង បូរ៉ាវី បានលើកឡើងថា ការងារជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាលនៃប្រាសាទអង្គរវត្ត អាចនឹងបញ្ចប់នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារតែការរៀបកាំជណ្តើរថ្មភក់បុរាណត្រូវតាមលំនាំដើម មានដំណើរការរលូនល្អ មិនរើផ្គុំច្រើនលើកច្រើនសា។

អ្នកស្រី នង ប៉ូរ៉ាវី បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះការងារជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាលនៃប្រាសាទអង្គរវត្ត ដែលនៅសេសសល់ប្រហែល១០ភាគរយប៉ុណ្ណោះ ដូចជាការសម្អាត និងបំពេញថ្មភក់ថ្មីជំនួសថ្មភក់ចាស់ដែលបាត់បង់ ដើម្បីឱ្យកាំជណ្តើរមានលំនឹងឡើងវិញ។

គម្រោងជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាលនៃប្រាសាទអង្គរវត្ត បានចាប់ផ្ដើមឡើងតាំងពីអំឡុងខែមីនា ឆ្នាំ២០២២មក ដែលរហូតមកដល់ពេលនេះមានរយៈពេលប្រមាណ៧ខែមកហើយ។

ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាបានអនុវត្តគម្រោងជួសជុលច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងជើងចំនួន៧ដំណាក់កាលរួចមកហើយ បើគិតជាប្រវែងសរុបចំនួនប្រមាណ១៤៣ម៉ែត្រ៕