​(ភ្នំពេញ)៖ ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (​អេ អាយ អេ ខេមបូឌា​) បានដាក់សម្ពោធដំណោះស្រាយថ្មីរបស់ខ្លួន AIA MedCare ​ដែលជាផលិតផលធានារ៉ាប់រងសុខភាពដំបូង ដែលផ្ដល់ការធានាដល់ក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងអាជីវកម្មនានា ក្នុងការមើលថែសុខភាព និងសុខុមាលភាពរបស់បុគ្គលិក ដើម្បីលើកទឹកចិត្ត និងបង្កើនផលិតភាពការងារ។

នៅក្នុងពិធីសម្ពោធ ផលិតផលធានារ៉ាប់រងនេះ ដែលរៀបចំឡើងនៅសណ្ឋាគារ Hyatt Regency ​មានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់របស់ ​លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយតករធានារ៉ាប់រងកម្ពុជា​ បណ្ឌិតសភាចារ្យ និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបណ្ឌិត សុខ ស៊ីផាន់ណា ​​ លោក Andrew Loh អគ្គនាយកប្រតិបត្តិ អេ អាយ អេ ខេមបូឌា, ក្រុមប្រឹក្សាភិបាលរបស់ អេ អាយ អេ ខេមបូឌា, នាយកប្រតិបត្តិ ប្រធានគ្រប់គ្រងធនធានមនុស្សជាន់ខ្ពស់ និងនាយកប្រតិបត្តិមកពីដៃគូសាជីវកម្មរបស់ អេ អាយ អេ ខេមបូឌា ដៃគូមន្ទីរពេទ្យ​ ក្រុមហ៊ុនជើងសារ ធានារ៉ាប់រង​ ម្ចាស់អាជីវកម្ម និងសហគ្រាសធុនតូចនិងមធ្យម​ បុគ្គលិក អេ អាយ អេ​ និងទីប្រឹក្សាចំផែនការជីវិត។

លោក Andrew Loh បានមានប្រសាសន៍ថា៖ «យើងជឿថា AIA MedCare ត្រូវបាន ដាក់សម្ពោធក្នុងកាលៈទេសៈដ៏សមស្រប ដោយសារក្រុមហ៊ុនកាន់តែច្រើននាពេលបច្ចុប្បន្ននេះ ផ្តោតសំខាន់លើការថែរក្សាសុខភាព និងសុខុមាលភាពរបស់បុគ្គលិក ជាពិសេសបន្ទាប់ពីឆ្លងកាត់ជំងឺរាតត្បាតកូវីដ។ ដំណោះស្រាយរបស់យើងផ្តល់នូវអត្ថប្រយោជន៍ដែលផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់បុគ្គលិក ខណៈពេលដែលជួយនិយោជកបង្ហាញទឹកចិត្តរបស់ខ្លួនតាមរយៈការបង្ហាញពីការយកចិត្តទុកដាក់ និងផ្តល់ឲ្យបុគ្គលិក នូវអារម្មណ៍រីករាយក្នុងការធ្វើការជាមួយក្រុមហ៊ុន»

​លោកបន្តថា «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាតែមួយគត់ដែលទទួលបានពានរង្វាន់ជា «ក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី» ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ឆ្នាំ ២០២០ និង ២០២១ យើងមានកិត្តិយសក្នុងការរួមចំណែកផ្ដល់បទពិសោធន៍របស់យើងដល់ក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងអាជីវកម្មនានានៅព្រះរាជាណាចក្រកម្ពុជា។ អេ អាយ អេ ខេមបូឌា បានប្រារព្ធខួបលើកទីប្រាំរបស់យើងនៅឆ្នាំនេះ ហើយព្រឹត្តិការណ៍ដ៏សំខាន់នេះចូលរួមចំណែកជំរុញឱ្យពួកយើងជួយបង្កើតឱកាសបន្ថែមទៀតសម្រាប់ក្រុមហ៊ុននានា ដើម្បីបំពេញតម្រូវការការពារដល់និយោជក និងនិយោជិត និងផ្តល់ដំណោះស្រាយឈ្នះឈ្នះ»

លោកបានបន្ថែមថា ​ការឈានជើងចូលក្នុងវិស័យធានារ៉ាប់រងសុខភាពរបស់ អេ អាយ អេ ខេមបូឌា ជាមួយគោល បំណងក្នុងការជួយប្រជាជនកម្ពុជាឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។ វាក៏គាំទ្រនូវគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីជួយមនុស្សមួយពាន់លាននាក់នៅអាស៊ីឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ ២០៣០។

ការបង្ហាញខ្លួនលើកដំបូងរបស់ អេ អាយ អេ ខេមបូឌា នៅក្នុងធានារ៉ាប់រង សុខភាព គឺដើម្បីពង្រឹងជំហរ របស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅអាស៊ី។ ទន្ទឹមនឹងគម្រោងធានារ៉ាប់រងអាយុជីវិត ការពារលើជំងឺធ្ងន់ធ្ងរ និងការពារលើគ្រោះថ្នាក់ដោយចៃដន្យដែលបានផ្ដល់ជូន គម្រោងធានារ៉ាប់រងសុខភាពរបស់ អេ អាយ អេ ខេមបូឌា គឺជាដំណោះស្រាយដំបូងគេ ដែល ជួយប្រជាជនកម្ពុជាកាន់តែច្រើនឱ្យសុខភាព និងជីវិតកាន់តែប្រសើរ។

ដោយផ្តោតសំខាន់លើនិយោជកដែលកំពុងស្វែងរកការការពារផ្នែកសុខភាពរបស់បុគ្គលិក AIA MedCare គឺជា ដំណោះស្រាយធានារ៉ាប់រងបន្ថែមសម្រាប់ភ្ជាប់ជាមួយ AIA ComCare ដែលត្រូវបានដាក់សម្ពោធក្នុងឆ្នាំ ២០២១ ជាមួយនឹងអត្ថប្រយោជន៍ ការពារលើជំងឺធ្ងន់ធ្ងរ ការពារលើគ្រោះថ្នាក់ដោយចៃដន្យ អត្ថប្រយោជន៍ លើការព្យាបាលជំងឺ សម្រាកក្នុងមន្ទីរពេទ្យ និងជំនួយការក្នុងការព្យាបាលបន្ទាន់នៅក្រៅប្រទេស រួមបញ្ចូលគ្នាក្នុងកញ្ចប់តែមួយ។ AIA Medcare ក៏ជួយបំពេញបន្ថែមនូវការផ្តល់ឲ្យនូវការធានារ៉ាប់រងអាយុជីវិត និងការការពារលើជំងឺធ្ងន់ធ្ងរដែល អេ អាយ អេ ខេមបូឌា កំពុងមាននាពេលបច្ចុប្បន្ន។

AIA MedCare ផ្តល់ការធានារ៉ាប់រងសុខភាពដែលមានភាពទូលំទូលាយជាមួយនឹងអត្ថប្រយោជន៍ ថែទាំសុខភាពដូចជា សំណងលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការវះកាត់ ការព្យាបាលដែលបណ្ដាលពីជំងឺ គ្រោះថ្នាក់ចៃដន្យ និងការសង្រ្គោះបន្ទាន់។ គម្រោងនេះក៏ផ្ដល់ប្រយោជន៍បន្ថែមដល់បុគ្គលិក លើការព្យាបាលដែលមិនសម្រាកក្នុងមន្ទីរពេទ្យ ការថែទាំដើម្បីបង្ការជំងឺផ្សេងៗ ការថែទាំធ្មេញ និងការសម្រាលកូន រួមទាំងអត្ថប្រយោជន៍បន្ថែមជាច្រើនទៀត។

អតិថិជន មានជម្រើសក្នុងការជ្រើសរើសកញ្ចប់ដែលបត់បែនទៅតាមតម្រូវការនិងកញ្ចប់ថវិកា ដែលសមស្របជាមួយស្ថានភាពស្ថាប័នការងាររបស់ខ្លួន។ ជាលទ្ធផលក្រុមហ៊ុនអាចធានាបាននូវអត្ថប្រយោជន៍ សុខភាព និង សុខុមាលភាពបានយ៉ាងល្អដើម្បីជួយលើកទឹកចិត្ត ទាក់ទាញ និងរក្សាបុគ្គលិកក្នុងក្រុមហ៊ុន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ «ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)» ពី HR Asia ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា ២០២០ និង ២០២១។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង៕