(កំពត)៖ នៅថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខ្មែរ ប៊ែវើរីជីស បានដឹកនាំបុគ្គលិករបស់ខ្លួន ចូលរួមក្នុងកម្មវិធីរត់អន្តរជាតិ Indochina Mekong Hash ក្នុងខេត្តកំពត ក្នុងគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពបុគ្គលិក ក៏ដូចជាផ្តល់នូវបទពិសោធន៍ថ្មីមួយសម្រាប់បុគ្គលិកចូលរួមកម្មវិធីបែបអន្តរជាតិ។
លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ខ្មែរ ប៊ែវើរីជីស តែងផ្តួចផ្តើម និងលើកទឹកចិត្តឲ្យបុគ្គលិកចូលរួមនូវគ្រប់កម្មវិធីណាដែលអាចផ្ដល់ជាប្រយោជន៍ត្រឡប់ទៅពួកគាត់វិញ ជាពិសេសលើកម្មវិធីសុខភាព ព្រោះសុខភាពបុគ្គលិក គឺជាទ្រព្យដ៏សំខាន់របស់ក្រុមហ៊ុន។ ហើយនេះក៏ជាឱកាសមួយដ៏ល្អ សម្រាប់ណែនាំជាតិសាសន៍ដទៃឲ្យបានស្គាល់ពីផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ដែលមានគុណភាពខ្ពស់និងផលិតដោយកូនខ្មែរ ផងដែរ»។
ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភផ្ដាច់មុខ កម្មវិធីរត់អន្តរជាតិ Indochina Mekong Hash ក្នុងឆ្នាំ ២០២២ ដែលរៀបចំដោយក្រុម Hash House Harriers (HHH ឬ H3) ជាក្រុម អន្តរជាតិមួយនៃក្លឹបសង្គមដែលរត់ប្រណាំងមិនមានការប្រកួតប្រជែង។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ ជាព្រឹត្តិការណ៍រត់ប្រចាំតំបន់ និងត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដែលមានប្រទេសមួយក្នុងចំណោមប្រទេសក្នុងតំបន់ឥណ្ឌូចិន ត្រូវធ្វើជាម្ចាស់ផ្ទះ ហើយនៅឆ្នាំ២០២២ កម្ពុជាត្រូវបានធ្វើជាម្ចាស់ផ្ទះ។ អ្នកចូលរួមក្នុងកម្មវិធីនេះ មានចំនួនជិត ៣០០នាក់ ដែលក្នុងនោះមានជនជាតិខ្មែរ ៦០នាក់ និងជាតិសាសន៍ផ្សេងៗមកពីប្រទេសនានាក្នុងតំបន់ឥណ្ឌូចិនសរុបជិត ២៤០នាក់៕