(ភ្នំពេញ)៖​ ធនាគារ មេយប៊ែង និងសាជីវកម្មធានាឥណទានកម្ពុជា​ (CGCC) បានរៀបចំសិក្ខាសាលាចំនួន២​ ជាផ្នែកនៃការខិតខំប្រឹងប្រែង​ និងពង្រឹងសមត្តភាព និងជំនាញរបស់សហគ្រាសធុនតូច និងមធ្យម និងអ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុជាង១០០នាក់​ ដោយផ្ដល់ចំណេះដឹងផ្នែកអាជីវកម្ម និងចំណេះដឹង ព្រមទាំងជំនាញ បច្ចេកទេស និងបច្ចេកវិទ្យាថ្មី​ៗ ធ្វើឱ្យប្រតិបត្តិការ​អាជីវកម្ម​ កាន់តែល្អប្រសើរ។

សិក្ខាសាលាស្តីពី ការកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុន់តូច និងមធ្យម ធ្វើឡើងនៅគារមេយប៊ែង ថៅវើ នៅថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ ដោយផ្តល់ឱកាសឱ្យសហគ្រាសធុនតូច និងមធ្យម ផ្សារភ្ជាប់ទំនាក់ទំនង​ ជាមួយម្ចាស់អាជីវកម្មមកពីគ្រប់វិស័យ ដើម្បីបង្កើនការយល់ដឹងថ្មីៗ ក្នុងការកសាង និងពង្រឹងអាជីវកម្ម។

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិនៃធនាគារ មេយប៊ែង​ ថ្លែងថា ធនាគារ មេយប៊ែង យល់ឃើញថា សហគ្រាសធុនតូច និងមធ្យម​ បានប្រឈមមុខ​ និងការលំបាក និងបញ្ហាជាច្រើន បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩​ ហើយពពួកគេក៏ពុំទទួលបានពត៌មានត្រឹមត្រូវ​ និងទាន់ពេលវេលា ក៏ដូចជាចំណេះជំនាញ​ មានសារៈសំខាន់ ក្នុងការបំពេញតម្រូវការទីផ្សារ ដើម្បីមានលទ្ធភាព​ អាចប្រកួតប្រជែង​ និងបន្តភាពរឹងមាំ។

លោកបានបន្ថែមទៀតថា​ «ហេតុដូចនេះបានជាយើងបង្កើតកម្មវិធីនេះ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម​ ជា​គំនិតផ្ដួចផ្តើមយុទ្ធសាស្ត្រ និងរួមគ្នាបន្ថែម​ ពីលើការខិតខំប្រឹងប្រែង​ ជាបន្តបន្ទាប់ ដើម្បីធានាឱ្យបានថា​ សហគ្រាសធុនតូច និងមធ្យមទាំងអស់​ ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ​ ស្របតាមបេសកកម្មហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព រួមជាមួយការរៀបចំសិក្ខាសាលា ប្រកបដោយភាពជោគជ័យ​ ធនាគារមេយប៊ែង​ នឹងរៀបចំសិក្ខាសាលាបែបនេះបន្ថែមទៀត​ នាពេលអនាគត​ កម្មវិធីនេះបានផ្តល់ជូនសហគ្រាសធុនតូច​ និងមធ្យម និងជាផ្នែកមួយនៃការរួមចំណែក​ ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសឹកម្ពុជា»

ក្រោយពីបានចូលរួមកម្មវិធីទាំងនេះ ម្ចាស់អាជីវកម្មទាំងអស់ ទទួលបានការយល់ដឹងពី​ ប្រធានបទជាច្រើនដូចជា៖​ ការចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា គោលការណ៍នៃការគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកពាណិជ្ជសញ្ញា​ និងទីផ្សារឌីជីថល ព្រមទាំងវិធីសាស្រ្តដ៏ល្អ​ ក្នុងការគ្រប់គ្រងធនធានមនុស្ស។

ក្នុងនោះក៏មានវាគ្មិន​ជំនាញមកពីស្ថាប័ន​ ប្រកបដោយវិជ្ជាជីវៈដូចជា៖ ការិយាល័យមេធាវី អ្នកប្រឹក្សាផ្នែកអាជីវកម្ម ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារឌីជីថល​ រួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ។

លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា​ «កិច្ចសហការរវាង CGCC ជាមួយធនាគារ មេយប៊ែង បានផ្តល់ឱកាស​ឱ្យស្ថាប័នទាំងពីរ រួមគ្នាលើកស្ទួយចំណេះដឹងផ្នែក
ហិរញ្ញវត្ថុ ក្នុងការពង្រឹងប្រតិបត្តិការអាជីវកម្ម​ របស់សហគ្រាសធុនតូច និងម៏ធ្យម ក៏ដូចជាបង្កើនជំនាញ និងឱកាសក្នុងការរីកចម្រើន របស់ម្ចាស់អាជីវកម្មទាំងអស់»។

លោកបានបន្ដថា​ សិក្ខាសាលាទាំងនេះ នឹងក្លាយជាវេទិកាដ៏សំខាន់ ឆ្ពោះទៅបន្តជំរុញឱ្យមានការរីកចម្រើន
របស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។

លោកក៏បានបន្ថែមទៀតថា CGCC និងធនាគារ មេយប៊ែ​ នៅតែបន្ត​ការរួមចំណែកគាំទ្រ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈកម្មវិធី​ ឬមធ្យោបាយផ្សេងៗរួមមាន​ ការផ្តល់សេវាជំនួយហិរញ្ញវត្ថុ ការគាំទ្រ និងផ្ដល់ការ​ប្រឹក្សាបច្ចេកទេស ដោយផ្អែកលើការអនុវត្តអន្តរជាតិដ៏ល្អបំផុត ដើម្បីជួយគាំទ្រដល់ការរីកចម្រើន​ ផលិតភាពការងារនិងភាពច្នៃប្រឌិត​ ក៏ដូចជាការពង្រឹងការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម៕