(ភ្នំពេញ)៖ តំណាងគណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុ និងប្រណាំងកង់ លើកទី៧ លើភ្នំបូកគោ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នេះ បាននាំយកថវិកាចំនួន ៤,០០០ដុល្លារ ដែលទទួលបានពីព្រឹត្តិការណ៍កីឡាសប្បុរសធម៌នេះ រួមជាមួយទឹកបរិសុទ្ធចំនួន ១០០កេស បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ។

លោក កែវ សិទ្ធ នាយកផ្នែកលក់នៃសណ្ឋាគារ សុខា បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡា ដើម្បីស្វែងរកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផានេះ បានរៀបចំ ២ថ្ងៃ កាលពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ដោយការរត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុជាង ៥០០នាក់ និងអ្នកចូលរួមប្រណាំងកង់ជាង ១០០នាក់ ។ តាមរយៈការចូលរួម និងការរៀបចំនេះដែរ គណៈកម្មការប្រមូលបានថវិកាចំនួន ៤,០០០ដុល្លារ ដែលបាននាំយកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាថ្ងៃនេះ ។

គួរដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុអន្ដរជាតិ និងប្រណាំងកង់ លើភ្នំបូកគោ គឺជាកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ ក្នុងន័យស្វែងរកថវិកាទទួលបានពីការរៀបចំនេះ ជួយដល់មន្ទីរពេទ្យកុមារ ជាក់ស្ដែងថវិកាទទួលបានពីការរៀបចំរៀងរាល់ឆ្នាំ តែងត្រូវបានបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយសរយៈពេល ៧ឆ្នាំកន្លងមកនេះ សរុបថវិកាបរិច្ចាគមានចំនួន ៣១,៧០០ដុល្លារ ។

ទន្ទឹមជាមួយគ្នាដែរ លោក កែវ សិទ្ធ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជនទាំងអស់ ដែលស្នេហាវិស័យកីឡា ត្រូវឆ្លៀតពេលទំនេរចូលរួមកម្មវិធីនេះឲ្យបានច្រើនកុះករនៅឆ្នាំបន្ដបន្ទាប់ទៀត ដើម្បីទទួលបាននូវសុខភាពល្អ និងការជួបជុំសប្បាយរីករាយ ជាមួយការលេងកីឡាផង ហើយក៏ដើម្បីរួមចំណែកក្នុងការងារសប្បុធម៌ ដើម្បីជួយដល់កុមារកម្ពុជាផង ៕