(បរទេស)៖ វគ្គបន្តនៃខ្សែភាពយន្តរបស់លោក Jems Cameron ដែលមានចំណងជើងថា «Avatar: The Way Of Water» បានបញ្ចាំងនៅរោងភាពយន្ត កាលពីថ្ងៃទី១៦ ខែធ្នូកន្លងទៅ ខណៈភាពយន្តនេះ កំពុងទទួលការចូលទស្សនាច្រើនពីសំណាក់ក្រុមអ្នកគាំទ្រនៅទូទាំងពិភពលោក។ ក្នុងនោះស្រាប់តែមានបុរសម្នាក់ក្នុងប្រទេសឥណ្ឌា ត្រូវបានរាយការណ៍មកថា បានគាំងបេះដូងស្លាប់ ពេលកំពុងទស្សនារឿងនេះក្នុងរោងកុន។

បើតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន Times of india បានឲ្យដឹងថា បុរស​ម្នាក់​មក​ពី​ស្រុក Kakinada បាន​គាំង​បេះដូង ​កំពុង​មើល​កុន។ ជនរងគ្រោះមានឈ្មោះ Lakshmireddy Srinu។តាមសាក្សីដែលជាប្អូនប្រុសគាត់ឈ្មោះ Raju លើកឡើងថា បុរសរូបនោះ បានដួលធ្លាក់ពីកៅអីពេលកំពុងមើលរឿង ភ្លាមៗជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋ Peddapuram តែជាអកុសលជនរងគ្រោះត្រូវគ្រូពេទ្យបញ្ជាក់ថាបានផុតដង្ហើមបាត់ទៅហើយ។ 

ជុំវិញករណីនេះ តាមវេជ្ជបណ្ឌិតបាននិយាយថា ជនរងគ្រោះមានភាពរំភើបខ្លាំងពេកពេលទស្សនា Avatar 2 ធ្វើឲ្យសម្ពាធឈាមហក់ឡើងខ្ពស់ បណ្ដាលឲ្យមានហេតុការណ៍នេះកើតឡើងតែម្ដង។

បើគេនៅចាំមិនភ្លេច នេះមិនមែនជាករណីទីមួយនោះទេ ដោយហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងអំឡុងឆ្នាំ២០១០ ដោយមានបុរសម្នាក់អាយុ៤២ឆ្នាំ បានបាត់បង់ជីវិតអំឡុងពេលទស្សនារឿង  Avatar វគ្គ១ នៅតៃវ៉ាន់៕