(បរទេស)៖ ទីបំផុត TSMC សម្រេចចាប់ផ្តើមបើកការផលិតទ្រង់ទ្រាយធំនៃបន្ទះឈីប 3nm (3-nanometer) ជំនាន់ក្រោយរបស់ខ្លួនហើយ ពោលគឺនៅក្នុងសប្តាហ៍នេះតែម្តង ខណៈដែល Apple នឹងក្លាយជាអតិថិជនដំបូងគេបង្អស់ដែលទទួលបានការផ្គត់ផ្គង់។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន MacRumors នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

ប្រភពពី DigiTimes បានរាយការណ៍មកថា Apple គឺជាអតិថិជនចម្បងដែល TSMC គិតដល់ដំបូងគេនៃដំណើរការថ្មីរបស់ខ្លួន ជាពិសេសនោះគឺត្រៀមដាក់ឱ្យប្រើប្រាស់នៅក្នុងបន្ទះឈីប M2 Pro ដែលគេរំពឹងថានឹងផ្តល់ថាមពលដល់ម៉ូដែល MacBook Pro និង Mac mini។ ជាក់ស្តែងបច្ចុប្បន្ននេះ Apple ក៏ជាអតិថិជនដ៏ធំបំផុតមួយផងដែរ ដែលកំពុងប្រើប្រាស់ដំណើរការ 4nm របស់ TSMC នៅក្នុងបន្ទះឈីប A16 Bionic សម្រាប់ត្រកូល iPhone 14 Pro របស់ខ្លួន។

យ៉ាងណាមិញតាមការបញ្ជាក់ពីប្រភពដដែលបានបន្ថែមទៀតថា នៅឆ្នាំ២០២៣ ខាងមុខនេះមិនថាតែ Apple silicon ជំនាន់ក្រោយ បូករួមបន្ទះឈីប M3 បន្ទះឈីប A17 Bionic របស់ Apple សម្រាប់ iPhone 15 ក៏សុទ្ធសឹងតែពឹងផ្អែកលើដំណើរការ 3nm របស់ TSMC ផងដែរ៕