(សៀមរាប)៖ នាដើមឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយស្ថាប័ន ASI របស់ឥណ្ឌា បានចាប់ផ្តើមគម្រោងជួសជុលឡើងវិញ ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលត្រូវបានក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ នេះបើតាមការបញ្ជាក់ពីលោក Sing Sood អ្នកអនុវត្តគម្រោងសហប្រតិបត្តិការ ឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម។
គម្រោងជួសជុលឡើងវិញ ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម មានគោលបំណងធ្វើយ៉ាងណាឱ្យសំណង់ខ្លោងទ្វារ ដែលបាក់ស្រុតតួគ្រឹះ និងកំពូលមុខព្រហ្មទាំងបួនខាងលើបានរលុះធ្លាក់បាត់រូបរាងដោយកត្តាផ្សេងៗអស់រយៈពេលជាយូរឆ្នាំមកហើយនោះ អាចងើបឈរឹងមាំឡើងវិញ និងមានសុវត្ថិភាពគ្រប់គ្រាន់ ក្នុងន័យថែរក្សា អភិរក្សស្នាដៃបុព្វបុរសខ្មែរមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងលើកតម្លៃសោភណ្ឌភាពប្រាសាទតាព្រហ្ម ជាពិសេស បង្អួតសម្រស់ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទតាព្រហ្ម និងឆ្លងកាត់វង់ទស្សនាផ្លូវវង់តូចជាដើម។
លោក Sing Sood បានឲ្យដឹងថា គម្រោងជួសជុលខ្លោងទ្វារខាងត្បួងប្រាសាទតាព្រហ្មនេះ បានចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០២៣នេះតទៅ ដោយនៅក្នុងគម្រោងនេះដែរ ការជួសជុលមិនត្រឹមតែលើខ្លោងទ្វារប៉ុណ្ណោះទេ ភាគីកម្ពុជា និងឥណ្ឌា ក៏នឹងជួសជុលកំពែងសងខាងប្រវែង២០ម៉ែត្រ ដែលដួលរាបដល់ដីនោះផង។ លោក Sing Sood រំពឹងថា នៅរយៈពេល២ឆ្នាំខាងមុខ បន្ទាប់ពីការខិតខំប្រឹងប្រែងជួសជុលរបស់អ្នកជំនាញ ខ្លោងទ្វារ និងកំពែងផ្នែកខាងត្បួងនៃប្រាសាទតាព្រហ្ម នឹងរឹងមាំស្រស់ស្អាតឡើងវិញ។
លោកបន្តទៀតថា ដំណាក់កាលនៃការជួសជុល គឺត្រូវធ្វើការសិក្សាពីប្លង់ ធ្វើកំណាយស្រាវជ្រាវអំពីការខូចខាត រៀបចំផ្គុំ និងជួសជុលថ្មឡើងវិញ បន្ទាប់មកធ្វើការពង្រឹងគ្រឹះ និងរៀបចំផ្គុំថ្មចូលទៅទីតាំងដើមវិញ ហើយការងារជួសជុលនេះធ្វើឡើងតាមបច្ចេកទេស Anastylosis ។
អ្នកជំនាញរូបនេះ បញ្ជាក់ថា ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មនេះ បានស្រុតផ្នែកគ្រឹះ បណ្តាលឱ្យតួខ្លោងទ្វារ និងកំពូលព្រហ្មបានក្រៀកហែក និងបណ្តាលឱ្យរលុះថ្មសន្ធប់ចូលក្នុងតួខ្លោងទ្វារតែម្តង។ ករណីនេះ អាចបណ្តាលមកពីអាយុកាលសំណង់ អាកាសធាតុ ដើមឈើ និងសត្វល្អិត និងការកង្វះការថែទាំយូរអង្វែងជាដើម។
សូមបញ្ជាក់ថា ប្រាសាទតាព្រហ្មកសាងឡើងនៅសតវត្សរ៍ទី១២នៃគ.ស នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ បច្ចុប្បន្ននេះ ប្រាសាទនេះសម្បូរទៅដោយដើមឈើធំៗ ដែលជាចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាមិនចេះដាច់៕