(បរទេស)៖ ក្រុមហ៊ុនផលិតវីដេអូហ្គេមអាមេរិក Activision Blizzard Inc កំពុងប្រឈមមុខនឹងការបញ្ចប់សេវាកម្មរបស់ខ្លួនក្នុងប្រទេសចិននៅថ្ងៃទី២៣ ខែមករា ខាងមុខនេះ ខណៈដែលក្រុនហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិតយក្សចិន NetEase Inc បដិសេធមិនបន្តភាពជាដៃគូ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រ microblogging Weibo ក្រុមហ៊ុនបុត្ររបស់ក្រុមហ៊ុនអាមេរិក Blizzard China បាននិយាយថា ខ្លួនបានទាក់ទងទៅ NetEase កាលពីសប្តាហ៍មុនជាមួយនឹងសំណើដើម្បីបន្តភាពជាដៃគូជាមួយពួកគេម្តងទៀត ប៉ុន្តែក្រុមហ៊ុនដែលផ្តល់សេវាកម្មអនឡាញនេះបានបដិសេធមិនព្រមបន្ត។

ជុំវិញបញ្ហាដែលឈានដល់ការតឹងសសៃកដាក់គ្នានេះ គឺបន្ទាប់ពីក្រុមហ៊ុន Activision Blizzard បាននិយាយនៅក្នុងខែវិច្ឆិកាកាលពីឆ្នាំមុនថា ខ្លួននឹងបញ្ចប់ភាពជាដៃគូរយៈពេល ១៤ឆ្នាំ ជាមួយ NetEase ដែលជាក្រុមហ៊ុនហ្គេមធំទីពីរនៅក្នុងប្រទេសចិន។ សេចក្តីប្រកាសនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលពាសពេញឧស្សាហកម្មហ្គេម ខណៈដែលភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរត្រូវបានគេមើលឃើញថាជាផ្នែកមួយដែលរកចំណូលបានច្រើនបំផុតនៅក្នុងវិស័យវីដេអូហ្គេម។

បើយោងតាមរបាយការណ៍សង្ខេបស្តីពីប្រាក់ចំណូលខែវិច្ឆិកា NetEase បាននិយាយថា ខ្លួន បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីចរចា ប៉ុន្តែត្រូវបានរកឃើញលក្ខខណ្ឌដែលបានស្នើសុំដោយក្រុមហ៊ុនអាមេរិកមួយចំនួន ដែលខ្លួនគិតថាគួរតែផ្តាច់ខ្លួនចេញ នឹងមិនអាចបន្តទៅមុខទៀតបាន។ បន្ទាប់មក NetEase ក៏បានឆ្លើយតបទៅនឹងសំណើរបស់ Activision Blizzard ថា ខ្លួននឹងបញ្ឈប់សេវាកម្មទាំងអស់របស់ពួកគេនៅក្នុងប្រទេសចិននៅថ្ងៃទី២៣ ខែមករា ខាងមុខនេះតែម្តង៕