(ភ្នំពេញ)៖ បេក្ខភាពបវរកញ្ញាជាច្រើនប្រទេសបានមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកម្មវិធីប្រកួតជ្រើសរើស «បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ Miss Planet International 2023» ខណៈកម្មវិធីនេះកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៩ ខែមករា ឆ្នាំ២០២៣។
គួរជម្រាបថា បេក្ខភាពបវរកញ្ញាអន្តរជាតិទាំងនោះមានដូចជា បុតស្វាណា កម្ពុជា ចិន ឥណ្ឌា ជប៉ុន ឡាវ ឡេតូនី ប៉ាគីស្ថាន ហ្វីលីពីន តង់សានី វៀតណាម ស៉ីមបាវ៉េជាដើម។
លោក Halley Amin ប្រធានរៀបចំកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ បានឱ្យដឹងថា មុនឡើងឆាកបង្ហាញសមត្ថភាពនិងរូបសម្ផស ប្រតិភូបវរកញ្ញាអន្តរជាតិទាំង៣០ប្រទេសនេះបានទៅទស្សនកិច្ចនៅរមណីយដ្ឋានទេសចរណ៍មួយចំនួនរបស់កម្ពុជា ដូចជាគោលដៅទេសចរណ៍នានានៅរាជធានីភ្នំពេញ តំបន់ប្រាសាទសំបូរព្រៃគុកខេត្តកំពង់ធំ និងនៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។
លោក Halley Amin បានបន្តថា គោលបំណងរបស់កម្មវិធី Miss Planet International 2023 នេះ គឺដើម្បីលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជានិងនៅទូទាំងពិភពលោក ដែលជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបាន។ ក្រៅពីនេះក៏ដើម្បីលើកស្ទួយ ផ្សព្វផ្សាយពីវិស័យទេសចរណ៍ វិស័យវប្បធម៌ វិស័យបរិស្ថាននៅកម្ពុជា ដែលស្របទៅនឹងចក្ខុវិស័យរបស់អង្គការសហប្រជាជាតិ ដែលកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យទាំងនេះ។
លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានកត់សម្គាល់ឃើញថា ការរៀបចំកម្មវិធីនេះគឺបានចូលរួមយ៉ាងសំខាន់ក្នុងការលើកស្ទួយ ផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងវិស័យបរិស្ថាននៅកម្ពុជា ពីព្រោះថាបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩ វិស័យទេសចរណ៍កម្ពុជាគឺត្រូវការចាំបាច់ក្នុងការលើស្ដារនិងលើកស្ទួយឡើងវិញ សំដៅរួមចំណែក្នុងការលើកស្ទួយសេដ្ឋកិច្ច និងសង្គម។
លោកស្រីប្រធានបានបន្តថា ការជំរុញការផ្សព្វផ្សាយតាមរយៈសកម្មភាព រូបភាពរបស់បេក្ខភាពបរកញ្ញាភពផែនដីអន្តរជាតិនាពេលនេះ គឺឆ្លុះបញ្ចាំងពីការទទួលបដិសណ្ឋារកិច្ច ការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការទទួលភ្ញៀវទេសចរមកពីអន្តរជាតិ។
គួរជម្រាបថា កម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៤-២៩ ខែមករា ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕