(បាត់ដំបង)៖ ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធបើកសាខាថ្មីបំផុតរបស់ខ្លួននៅខេត្តបាត់ដំបងក្នុងគោលបំណងនាំយកផលិតផល និងសេវាកម្មធនាគារទំនើបៗ ដើម្បីផ្តល់ភាពងាយស្រួលដល់សហគមន៍ក្នុងខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជានេះ ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានចូលរួមពីឯលោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា លោក មូល ធន អភិបាលរងខេត្តបាត់ដំបង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយឥស្សជនកិត្តិយសជាច្រើនរូបទៀត ។

លោក មូល ធន  បានចូលរួមអបអរសាទរក្នុងឱកាសនៃពិធីបើកដំណើរ ធនាគារ រីង និងស្វាគមន៍មកកាន់ធនាគារនៃអនាគតកាល នៅខេត្តបាត់ដំបង ដែលផ្តល់ជូននូវសេវាកម្មធនាគារពេញលេញ បម្រើសេវាកម្មឆាប់រហ័ស ផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់សម្រាប់ប្រជាជនក្នុងខេត្តបាត់ដំបង ។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះធនាគារវីង ដែលបានបើកសាខាថ្មីរបស់ខ្លួននៅខេត្តបាត់ដំបង ដើម្បីបង្កើនសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចប្រជាពលរដ្ឋមានការរីកចម្រើនថែមទៀត ដែលនេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងស្របតាមបរិបទនូវការអភិវឌ្ឍសេវាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដែលធនាគារវីង គឺជាធនាគារដ៏ធំរបស់កម្ពុជា ដែលជាមោទនភាពមួយរបស់កូនខ្មែរក្រោមការដឹកនាំនិងបង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងជាមោទនភាពមួយសម្រាប់ប្រជាជននៅក្នុងខេត្តបាត់ដំបង បានប្រើប្រាស់នៅធនាគារវីងនេះ ជាប្រយោជន៍សម្រាប់ការបង្កើតជាមុខរបរផ្សេងៗនៅក្នុងខេត្តបាត់ដំបង ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។

លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងថា ធនាគារជាតិកម្ពុជា ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ នៅតែបន្តដាក់ចេញនូវក្របខណ្ឌបទបញ្ញត្តិប្រុងប្រយ័ត្នស្របតាមនីយាម និងឧត្តមកាលានុវត្តអន្តរជាតិ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទូរទាត់ឲ្យកាន់តែមានភាពទំនើបនិងសុវត្ថិភាព ជាពិសេសដាក់ចេញនូវវិធានការម៉ាក្រូប្រុងប្រយ័ត្ននានាជាបន្តបន្ទាប់ទាន់ពេលវេលា ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ជាវិជ្ជមានលើប្រព័ន្ធធនាគារ ។ ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជាក៏បានយកចិត្តទុកដាក់ចំពោះក្របខ័ណ្ឌនៃកិច្ចការពារអតិថិជន ដោយបង្កើនប្រសិទ្ធភាពនៃការអនុវត្តយន្តការសម្របសម្រួល និងដោះស្រាយបណ្តឹងអតិថិជនតាមរយៈលេខទូរស័ព្ទអនឡាញរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងបន្តយុទ្ធនាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់ ។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានថ្លែងថា យើងតែងតែចាត់ទុកបាត់ដំបង ជាខេត្តអាទិភាពមួយក្នុងការពង្រីកទីតាំងភូមិសាស្ត្រសម្រាប់ពាណិជ្ជកម្មរបស់យើង ។ មិនត្រឹមតែប៉ុណ្ណោះ បាត់ដំបងគឺជាខេត្តដ៏ធំនិងមានសក្កានុពលមួយក្នុងព្រះរាជាណាចក្រកម្ពុជា ។ ខ្ញុំពិតជា រីករាយជាខ្លាំងដែលធនាគារយើងមានវត្តមាននៅទីនេះ ។

លោកបានបន្តថា ធនាគារវីង ផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុទំនើបៗជាច្រើនសម្បូរបែប ដែលមានដូចជា៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាប្រាក់សន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹក-ភ្លើង និងធានារ៉ាប់រង ការទូទាត់ខ្សែសង្វាក់ផ្គត់ផ្គង់ និងសេវាបើកប្រាក់បៀវត្សរ៍ជាដើម។

លោក ហាន ប៉េងក្វាង បានបន្ថែមថា ពិធីបើកសាខាធនាគារ វីង ក្នុងខេត្តបាត់ដំបង នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ វីង ក្នុងការនាំយកសេវាកម្មធនាគារដ៏ល្អបំផុត ដើម្បីរួមចំណែកដល់ការរីកលូតលាស់របស់សហគមន៍យើង ។

លោកបានឱ្យដឹងទៀតថា បើគិតចាប់ពីថ្ងៃដែលធនាគារ វីងទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជជាផ្លូវការ ពោលគឺមានរយៈពេលមិនដល់២ឆ្នាំផងនោះធនាគារវឹង បានពង្រីកបណ្តាញធនាគាររបស់ខ្លួនទៅកាន់ទីតាំងយុទ្ធសាស្ត្រចំនួន៨នៅទូទាំងប្រទេសបន្ថែមពីលើទីស្នាក់ការកណ្តាលរបស់ខ្លួន ដែលស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ ។

លោកបានរម្លឹកថា កាលពីឆ្នាំ២០២២កន្លងទៅនេះ ធនាគារ វីង បានបើកដំណើរការសាខាជាច្រើន ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុ សម្រាប់ប្រជាជនក្នុងសហគមន៍ ដែលសាខាទាំងនោះរួមមាន សាខាវិមានឯករាជ្យ សាខាសែនសុខ សាខាវត្តភ្នំ សាខាទួលគោក សាខាបឹងត្របែក និងសាខាព្រះយុគន្ធរ ដែលសាខាទាំងអស់នេះស្ថិតនៅរាជធានីភ្នំពេញ រីឯសាខាមួយទៀតនោះគឺស្ថិតនៅខេត្តព្រះសីហនុ ។

លោកបានរំលេចថា ធនាគារ វីង មានបុគ្គលិកដែលប្រកបដោយវិជ្ជាជីវៈខ្ពស់ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើអតិថិជន ក្នុងនោះដែរ គ្រប់សាខាទាំងអស់ ត្រូវបានរចនាយ៉ាងស្រស់ស្អាត ដែលមានចំណតយានយន្តធំទូលាយ កន្លែងរង់ចាំមាន ផាសុកភាព ហាងកាហ្វេឈ្ងុយឆ្ងាញ់ និងបន្ទប់ប្រជុំដ៏ប្រណីត ដោយមានទីតាំងក្នុងក្រុងបាត់ដំបងនៅកែងផ្លូវលេខ១ ហើយជិតនឹងស្ពានថ្មថ្មី អគារសាខាធនាគារវីងដ៏ស្រស់ស្អាតទើបនឹងសង់ថ្មី នឹងបើកដំណើរការពីម៉ោង ៨ព្រឹក ដល់៥ល្ងាច និងពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ដែលអនុញ្ញាតឲ្យ អតិថិជនគ្រប់រូបអាចប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សូម្បីនៅថ្ងៃចុងសប្ដាហ៍ក៏ដោយ ធនាគារវឹង សាខាខេត្តបាត់ដំបង ត្រូវបានបំពាក់ដោយម៉ាស៊ីនATMដ៏ទំនើប ដើម្បីសម្រួលសេចក្តីត្រូវការរបស់អតិថិជនគ្រប់ពេលវេលា ៕