(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ បានបើកការដ្ឋានជួសជុលរានហាលផ្នែកខាងកើតរបស់ប្រាសាទបន្ទាយសំរែ ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក ឡុង ណារី បានឱ្យដឹងថា រានហាលផ្នែកខាងកើតនៃប្រាសាទបន្ទាយសំរែ ដែលកសាងឡើងអំពីថ្មភក់ តាំងពីអំឡុងពាក់កណ្តាលសតវត្សទី១២ កំពុងរងការខូចខាតមួយចំនួនដូចជា គ្រឹះខាងក្រោមបានស្រុត មានការបាត់ថ្មខ្លះៗ និងកន្លែងខ្លះទៀតមានចន្លោះប្រហោងច្រើន បង្កាន់ដៃនាគមានស្នាមបាក់ស្ទើរទាំងអស់ រីឯចម្លាក់តោក៏មានការខូចខាតខ្លះដែរ។

លោកបានបន្តថា ក្នុងការបើកដំណើរការជួសជុលរានហាលរបស់ប្រាសាទបុរាណបន្ទាយសំរែនេះដែរ ក៏មានការបង្ហាត់បង្រៀនដល់និស្សិតផ្នែកស្ថាបត្យកម្មដែលមកពីសាកលវិទ្យាល័យបៀលប្រាយ និងសាកលវិទ្យាល័យអង្គរ ក្នុងខេត្តសៀមរាបចំនួន២០នាក់ ឱ្យយល់ដឹងអំពីសំណង់បុរាណ និងកិច្ចការអភិរក្សថ្មជាមួយក្រុមអ្នកជំនាញនៃអង្គការអាល្លឺម៉ង់ ដែលកំពុងតែបំពេញការងារនៅឯប្រាសាទសំរែផងដែរ។

ក្រុមនិស្សិតទាំងនោះនឹងត្រូវចុះអនុវត្តផ្ទាល់នៅការដ្ឋាន ដោយផ្តោតទៅលើការគូសប្លង់បាត រចនាសម្ពន្ធគ្រឹះប្រាសាទ ដើម្បីឱ្យចេះពីរបៀបជួសជុលចម្លាក់ថ្មប្រាសាទ ស្គាល់ពីថ្មដែលនៅរាយប៉ាយ សិក្សាគម្លាតរបស់ថ្ម និងឱ្យចេះសង្កេតពីអ្វីដែលជាបញ្ហាប្រឈមផង។

គួរជម្រាបថា មុនចាប់ផ្ដើមបើកការដ្ឋាន គេបានធ្វើពិធីសែនព្រេនមួយនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្នុងបំណងសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិដែលថែរក្សារានហាលខាងកើតរបស់ប្រាសាទបន្ទាយសំរែ ដើម្បីបើកការជួសជុលឱ្យរួចផុតពីហានិភ័យ និងរក្សាទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយបានយូរអង្វែងតទៅទៀត៕