(បរទេស)៖ ចាប់តាំងពីថ្ងៃដែលកំពូលមហាសេដ្ឋីលោក Elon Musk បានឈានជើងចូលកាន់កាប់តំណែងជាផ្លូវការនៅ Twitter ក្នុងអំឡុងចុងខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០២២ ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមនេះបានធ្លាក់ចុះខ្ទង់ ៧១ភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Standard Media Index (SMI) បានឱ្យដឹងថា Twitter ចាប់ផ្តើមបាត់ចំណូលខ្លាំងពីការផ្សាយពាណិជ្ជកម្មគិតតឹ្រមចុងខែធ្នូ ខណៈដែលរបាយការណ៍កាលពីខែវិច្ឆិកាកន្លងទៅបង្ហាញថា Twitter បានបាត់ត្រឹមខ្ទង់ ៥៥ភាគរយប៉ុណ្ណោះបើធៀបនឹងឆ្នាំមុន។

យ៉ាងណាមិញជុំវិញការបាត់ចំណូលដ៏ច្រើនសន្ឋឹកនេះប្រភពពីក្រុមហ៊ុន Pathmatics បានឱ្យដឹងថា ទាំងនេះគឺបណ្តាលមកពីអ្នកផ្សាយពាណិជ្ជកម្មកំពូលៗជាច្រើនបានកាត់បន្ថយការចំណាយរបស់ពួកគេ។ តួយ៉ាងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មចំនួន ១៤ ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៣០នៅលើ Twitter បានបញ្ឈប់ការផ្សាយពាណិជ្ជកម្មរបស់ពួកគេទាំងស្រុង បន្ទាប់ពី Musk បានឈានជើងមកដល់ Twitter។ ចំណែកក្រុមហ៊ុនដាក់ផ្សាយពាណិជ្ជកម្មចំនួន ៤ផ្សេងទៀតបានកាត់បន្ថយចំណាយចន្លោះពី ៩២ភាគរយ ទៅ ៩៨ភាគរយ ត្រឹមតែរយៈពេល ២សប្តាហ៍នៃការគ្រប់គ្រងរបស់ Musk។

បើទោះបីជាលទ្ធផលដែលទទួលបានគឺខកចិត្តខ្លាំងក៏ពិតមែន តែTwitter ហាក់មិនបានអោបដៃឈរមើលអតិថិជនរបស់ខ្លួនដើរចេញនោះទេ បន្ទាប់ពីការបាត់ចំណូលដ៏ច្រើនសន្ឋឹកនេះ បើទោះបីជាបញ្ហាខ្លះកំពុងស្ថិតក្នុងការភាន់ច្រឡំក៏ដោយ Twitter បានសម្រេចផ្លាស់ប្តូរគោលការណ៍មួយចំនួនរបស់ខ្លួនដើម្បីទាក់ចិត្តអ្នកផ្សាយពាណិជ្ជកម្មមកវិញ។ ដោយក្នុងនោះ Twitter បានដាក់ចេញនូវមុខងារផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃ លុបចោលការហាមឃាត់លើការផ្សាយពាណិជ្ជកម្មនយោបាយ និងអនុញ្ញាតឱ្យក្រុមហ៊ុនមានការគ្រប់គ្រងកាន់តែខ្លាំងលើការកំណត់ទីតាំងនៃការផ្សាយពាណិជ្ជកម្មរបស់ពួកគេ៕