(បរទេស)៖ ក្រុមហ៊ុន Toyota បានប្រកាសឱ្យដឹងជាផ្លូវការថា លោក Akio Toyoda សម្រេចចិត្តលាឈប់ពីតំណែងនាយក​ប្រតិបត្តិ និងប្រធានក្រុមហ៊ុន ដើម្បីទៅពង្រីង និងពង្រីកទីផ្សាររថយន្ត Lexus វិញ ជាពិសេសគឺទីផ្សាររថយន្តអគ្គិសនីដែលកំពុងតែ​ពុះ​កញ្ជ្រោល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

យោងតាមសេចក្ដីប្រកាសរបស់ Toyota បានឱ្យដឹងថា លោក Akio នឹងចុះចេញពីតំណែងទាំងពីរខាងលើនៅថ្ងៃទី០១ ខែមេសា​ខាងមុខនេះ ខណ:ដែលលោក Koji Sato វ័យ ៥៣ឆ្នាំ ជា Chief Branding Officer នឹងឡើងកាន់តំណែង​ទាំងពីរបន្ត ហើយ​លោក Akio នឹងទៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល និងប្រធានយីហោ Lexus។

លោក Anders Schelde ប្រធានផ្នែកវិនិយោគបាននិយាយថា «គ្មានការសង្ស័យទេ លោក Akio គឺជានាយកប្រតិបត្តិដ៏អស្ចារ្យ ពោរពេញសមត្ថភាព ប៉ុន្តែវិស័យរថយន្តទាំងមូលត្រូវតែធ្វើការផ្លាស់ប្តូរ ហើយក្រុមហ៊ុន Toyota បាននិងកំពុងមានភាពយឺតយ៉ាវក្នុងទស្សនៈរបស់យើង ដូច្នេះវាអាចជាឱកាសសម្រាប់ការចាប់ផ្តើមថ្មី»។

គួរបញ្ជាក់ផងដែរថា លោក Akio Toyoda គឺជាចៅប្រុងបង្កើតរបស់លោក Kiichiro Toyoda ដែលជាស្ថាបនិកបង្កើត​ក្រុមហ៊ុន Toyoda។ លោក Akio បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Toyoda នៅឆ្នាំ២០០០ និងត្រូវបានតំឡើងតំណែងជាអនុប្រធាន​ក្រុមហ៊ុននៅឆ្នាំ២០០៥ និងចាប់ផ្ដើមឡើងកាន់តំណែងធំៗជាបន្តបន្ទាប់រហូតក្លាយជា CEO និងប្រធានក្រុមហ៊ុន៕