(បរទេស)៖ កម្មវិធីផ្ញើសារ Telegram ត្រូវបានផាកពិន័យនៅក្នុងប្រទេសប្រេស៊ីលជាប្រាក់សរុបប្រហែល ២៣៦,៥២៧ដុល្លារ ជុំវិញការមិនអនុវត្តតាមដីការរបស់តុលាការដែលបានអំពាវនាវឱ្យផ្អាកគណនីរបស់អ្នកគាំទ្រអតីតប្រធានាធិបតីលោក Jair Bolsonaro។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

ចៅក្រមតុលាការកំពូលរបស់ប្រទេសប្រេស៊ីល លោក Alexandre de Moraes បានពិន័យកម្មវិធីផ្ញើសារ Telegram នៅថ្ងៃពុធម្សិលមិញនេះ ដោយត្រឹមតែរយៈពេលមួយថ្ងៃដែល Telegram មិនព្រមអនុលោមតាមច្បាប់ត្រូវបានផាកពិន័យខ្ទង់ ២០,០០០ដុល្លារឯណោះ។ បើយោងតាមសេចក្តីថ្លែងការបានឱ្យដឹងថា កាលពីដើមខែមករាថ្មីៗនេះ តុលាការបានបង្គាប់ឱ្យ Telegram ផ្អាកគណនីរបស់ Nikolas Ferreira និងបិទគណនីសមាជិកចំនួន ៥នាក់ផ្សេងទៀតដែលបានចែករំលែកខ្លឹមសារញុះញង់ឱ្យមានអំពើហិង្សាដែលបណ្តាលឱ្យមានការរំខានដល់ស្ថាប័នរដ្ឋ។ តុលាការបានបន្ថែមទៀតថាប្រសិនបើ Telegram មិនព្រមបិទគណនីរបស់ Ferreira នឹង «ត្រូវបានចាត់ទុកថាជាកិច្ចសហការដោយប្រយោលចំពោះការបន្តឱ្យកើតមានសកម្មភាពឧក្រិដ្ឋកម្ម»

ឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់តុលាការ នៅក្នុងលិខិតមួយពី Telegram ទៅកាន់ Moraes គឺមានបំណង «ស្នើសុំឱ្យតុលាការមានការពិចារណាឡើវិញ» នេះបើយោងតាម CNN Brasil។ លើសពីនេះទៅទៀត Telegram ហាក់បង្ហាញពីអាកប្បករិយាមិនពេញចិត្តដោយលើកឡើងថា «Ferreira គឺជាមន្ត្រីជាប់ឆ្នោត ហើយគ្មានភស្តុតាងណាមួយដែលកំណត់ថា លោកបានបង្ហោះខ្លឹមសារឧក្រិដ្ឋកម្មជាក់លាក់នោះទេ» ហើយវាក៏គ្មានហេតុផលណាមួយដែលត្រូវបិទគណនីរបស់លោកនោះឡើយ។

គួរបញ្ជាក់ដែរថា Ferreira គឺជាតំណាងសហព័ន្ធមកពីរដ្ឋ Minas Gerais ប្រទេសប្រេស៊ីល ហើយលោកក៏ជាបុគ្គលដែលមានឥទ្ធិពលនៅលើបណ្តាញសង្គមផងដែរ ខណៈចំនួន subscribers របស់លោកនៅលើ Telegram មានចំនួនរហូតដល់ ៣០០,០០០ subscribers នៅលើ TikTok មានចំនួន ៣.៦លាន Follower និងជាង ៦លាន Follower នៅលើ Instagram៕