(រីយ៉ាដ)៖ កីឡាករឆ្នើម Cristiano Ronaldo បានត្រឹមខកចិត្តជាខ្លាំងដោយទើបចាប់ផ្តើមលេង ២ប្រកួតជាមួយក្លិប Al-Nassr បានជ្រុះចេញពីការប្រជែងដណ្តើមពានរង្វាន់ Saudi Super Cup បន្ទាប់ពីលេងចាញ់ក្លិប Al-Ittihad ៣-១ ខណៈដែលការបង្ហាញខ្លួនរបស់ Ronaldo ទើបបាន ២ប្រកួតប៉ុណ្ណោះជាមួយក្លិបថ្មីនេះ។

ពានរង្វាន់ Saudi Super Cup ជាពានមួយដែលស្ថិតក្រោមប្រព័ន្ធការគ្រប់គ្រង់របស់សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (Saudi Arabia Football League system) ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ហើយនេះជាការប្រជែងលើកទី៨ ខណៈក្លិបថ្មីរបស់ Ronaldo (Al-Nassr) ជាក្រុមឈ្នះពាននេះ ២លើកផងដែរ។

ពាននេះបានជ្រើសយកតែក្រុមឈ្នះជើងឯកលីគកំពូល (Saudi Pro League និងក្រុមជើងឯក, រងជើងឯក King Cup) ធ្វើការប្រជែងរួមជាមួយក្រុមឈរលេខ២ និងលេខ៣ ពានលីគ (Saudi Pro League)។

រំលឹកផងថា សម្រាប់ Cristiano Ronaldo ពេលនេះបានបង្ហាញខ្លួន ២លើកហើយជាមួយក្លិប Al-Nassr ដោយមិនទាន់រកបានគ្រាប់បាល់នោះទេ នាមជាម្ចាស់ពាន Ballon d’Or ចំនួន ៥លើក៕