(ហូឡង់)៖ ក្លិប Ajax Amsterdam បានសម្រេចបណ្តេញគ្រូបង្វឹកលោក Alfred Schreuder ចេញពីតំណែងក្រោយបន្តដឹកនាំក្រុមលេងមិនទទួលបានជ័យជម្នះក្នុងលីគកំពូល Eredivisie ដែលប្រកួតចុងក្រោយលេងស្មើជាមួយក្រុម FC Volendam 1-1 ដែលធ្វើឲ្យក្រុមឈរនៅលេខរៀងទី៥ ក្នុងតារាងពិន្ទុរដូវកាលនេះ។ បើតាមប្រភពពី Reuter ឲ្យដឹងនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

Ajax Amsterdam បានតែងតាំងលោក Schreuder ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ បន្ទាប់ពីលោក Erik Ten Hag ចាក់ចេញទៅកាន់ក្លិប Manchester United, ប៉ុន្តែការដឹកនាំរបស់លោក Schreuder មិនមានលទ្ធផលល្អនោះទេ ដែលមាន ៧ពិន្ទុដាច់ឆ្ងាយពីក្រុមកំពូលតារាង Feyenood គិតត្រឹម ១៨ប្រកួតជាបណ្តោះអាសន្នរដូវកាល២០២២-២៣នេះ។

រំលឹកផងថា លោក Alfred Schreuder បានដឹកនាំក្រុមលេងឈ្នះតែ ១២ប្រកួតប៉ុណ្ណោះចំណោម ២៦ប្រកួតសរុប គិតចាប់តាំងពីលោកចូលកាន់តួនាទីនេះកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ដែលលោក Edwin van der Sar ជានាយកប្រតិបត្តិក្លិបលើកឡើងថា« នេះជាការសម្រេចចិត្តយ៉ាងលំបាក់ខ្លាំង ដ្បិតជាការចាំបាច់ពេលដែលក្លិបជួបបញ្ហាបាត់បង់ពិន្ទុ»៕