(ភ្នំពេញ)៖ ទោះបីការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ពុំទាន់មកដល់ក៏ពិតមែន តែប្រទេសសមាជិកទាំងអស់ សុទ្ធតែបានកោតសរសើរ និងមានជំនឿចិត្តយ៉ាងមុតមាំ ជុំវិញការត្រៀមលក្ខណៈរួចរាល់ ដើម្បីធ្វើម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជា ។ ទន្ទឹមជាមួយគ្នា មានប្រទេសមួយចំនួន បានរៀនសូត្រពីកម្ពុជា ដើម្បីជាពិសោធន៍ត្រៀមធ្វើម្ចាស់បន្ដវេនទៀតផង ជាក់ស្ដែងមន្ដ្រីកីឡាជាន់ខ្ពស់ថៃ បានអះអាងថា នឹងយកលំនាំតាមកម្ពុជា ដើម្បីរៀបចំស៊ីហ្គេម លើកទី៣៣ លើទឹកដីខ្លួន នាឆ្នាំ២០២៥ ។

នេះបើតាមការបញ្ជាក់របស់លោកស្រី Supitr Samahito នាយបេសកកម្មរង និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ បន្ទាប់ពីលោកស្រី រួមជាមួយនាយបេសកកម្មថៃលោក Thana Chaiprasit ព្រមទាំងនាយបេសកកម្មស៊ីហ្គេម នៃបណ្ដាប្រទេសសអាស៊ីអាគ្នេយ៍ទាំងអស់ បានចូលរួមកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម(CDM) លើកទី១ និងដំណើរទស្សនកិច្ចទីលានប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជា រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២៥-២៦ ខែមករាកន្លងទៅ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។

មន្ដ្រីកីឡាជាន់ខ្ពស់ថៃខាងលើ បានអះអាងថា «ក្នុងនាមម្ចាស់ផ្ទះបន្ដវេន ខ្ញុំបានរៀនសូត្រច្រើនពីកម្ពុជា ទី១-បរិយាកាសក្នុងបន្ទប់ប្រជុំនាយបេសកកម្ម ខ្ញុំស្រលាញ់មែនទែន គឺសាមញ្ញា តែមានភាពថ្លៃថ្នូរ និងរៀបចំមានរបៀបរៀបរយល្អ ។ ទី២-ការរៀបចំពិធីរាប់ថយក្រោយ ១០០ថ្ងៃ កម្ពុជា បានយកប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងមូលសម្ដែងលើឆាក ហើយអញ្ជើញនាយបេសកកម្មទាំងអស់ចូលរួម ដែលបញ្ជាក់អំពីសាមគ្គីភាព រវាងប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយយើងនឹងព្យាយាមធ្វើយ៉ាងម៉េចឲ្យមានកម្មវិធីស្រដៀងគ្នា និងពិធីបិទ ដើម្បីមកទទួលទង់ស៊ីហ្គេមបន្ដពីកម្ពុជា»

លោកស្រី Supitr Samahito បានបញ្ជាក់បន្ថែមថា «មួយទៀត ពិធីរត់ភ្លើងគប់ ទៅកាន់ប្រទេសប្រទេសសមាជិកទាំង ១០ ដែលចំណុចនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថា កម្ពុជាបានពញ្ញាក់អារម្មណ៍ប្រជាជាតិអាស៊ីអាគ្នេយ៍របស់យើងថា ស៊ីហ្គេមជិតមកដល់ហើយ ។ អ៊ីចឹងថៃ ក៏គួរតែធ្វើអ្វីដែលស្រដៀងហ្នឹងដែរ ។ ហេតុនេះ ខ្ញុំបានរៀនសូត្រច្រើនមុនស៊ីហ្គេម នៅកម្ពុជា ហើយទម្រាំស៊ីហ្គេមកដល់ ខ្ញុំគិតថា ខ្ញុំនឹងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត សម្រាប់យកទៅប្រទេសថៃ ដើម្បីត្រៀមរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេមបន្ដវេន បន្ទាប់ពីកម្ពុជា»

គួរដឹងថា កម្ពុជាបានរៀបចំកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម លើកទី១ ដំណាលគ្នានឹងការរៀបចំពិធីរាប់ថយក្រោយ ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី២៥ ខែមករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ។ ព្រឹត្តិការណ៍នេះ ត្រូវបានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ចូលរួមគាំទ្រ និងសាទរយ៉ាងផុសផុល ពិសេសនាយបេសកកម្មបណ្ដាប្រទេសទាំងអស់ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការត្រៀមខ្លួនយ៉ាងល្អរបស់កម្ពុជានេះផងដែរ ៕