(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (Cambodian Investors Capital Partners Plc.) ដែលជាក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ពីនិយ័តករមូលបត្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បដិសេធ សកម្មភាពកៀរគរទុនដោយខុសច្បាប់ពីសាធារណៈជន ដែលបានធ្វើឡើងដោយការបោកបន្លំរបស់ជនទុច្ចរិត ដោយប្រើប្រាស់នាមករណ៍ និងពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន ព្រមទាំងបោកបន្លំប្រើប្រាស់ឈ្មោះរបស់នាយកប្រតិបត្តិក្រុមហ៊ុន គឺលោក ឡែម ចាន់សំរេច ដោយគ្មានការអនុញ្ញាត ដើម្បីបោកប្រាស់សាធារណៈជន តាមរយៈបណ្តាញសង្គម តេឡេក្រាម (Telegram) និងបណ្តាញសង្គមផ្សេងទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (Cambodian Investors Capital Partners Plc.) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (Cambodian Investors Corporation Plc.) ដែលកំពុងត្រៀមរៀបចំខ្លួនដើម្បីធ្វើការស្នើសុំបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈលើកដំបូង (IPO) ដើម្បីចុះឈ្មោះនៅផ្សារមូលបត្រកម្ពុជា (CSX) ដែលគ្រោង នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ។

បច្ចុប្បន្ន ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (Cambodian Investors Capital Partners Plc.) បានធ្វើលិខិតរាយការណ៍អំពីសកម្មភាពបោកបន្លំខាងលើ ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្នើសុំចំណាត់ការតាមផ្លូវច្បាប់ឈានដល់ការដាក់ទណ្ឌកម្មលើជនទុច្ចរិតដែលពាក់ព័ន្ធ ហើយកំពុងរៀបចំកសាងឯកសារ ដើម្បីដាក់ពាក្យបណ្តឹងតាមនីតិវិធីច្បាប់ ដើម្បីទាមទារការជួសជុលចំពោះការខូចខាត ដែលកើតឡើងដោយសារ សកម្មភាពបំពានខាងលើ ព្រមទាំងការពារភាពស្អាតស្អំរបស់ខ្លួន ចៀសវាងការភ័ន្តច្រឡំពីសាធារណៈជន ដែលអាចបង្កប៉ះពាល់ដល់វិស័យគម្រោងវិនិយោគរួមទាំងមូល ព្រមទាំងចំពោះកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនខ្លួនឯង ក៏ដូចជា ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (Cambodian Investors Corporation Plc.) ដែលកំពុងត្រៀមរៀបចំខ្លួនធ្វើ IPO នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (Cambodian Investors Capital Partners Plc.) សូមអំពាវនាវចំពោះសាធារណៈជន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពបោកបន្លំខាងលើ ក៏ដូចជាសកម្មភាពបោកបន្លំខុសច្បាប់ផ្សេងៗ ទៀតនាពេលអនាគត ដើម្បីកុំឲ្យរងគ្រោះដោយសារសកម្មភាពខុសច្បាប់ទាំងនោះ ហើយក្រុមហ៊ុនក៏សូមបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនមិនដែលមានការផ្សព្វផ្សាយកៀរគរទុនវិនិយោគក្នុងទម្រង់ណាមួយ តាមបណ្តាញអនឡាញតាមបែបអនាធិបតយ្យ និងបំពានច្បាប់ ដូចសកម្មភាពដែលបានរៀបរាប់ខាងលើឡើយ៕