(សៀមរាប)៖ លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវរូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុក្កតោ នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមអ្នកជំនាញ រូបចម្លាក់ទាំងនោះមាននៅប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។

លោក ភឹង តារា បានពន្យល់ថា ភាគច្រើនចម្លាក់គុន ឬក្បាច់វាយគ្នាទាំងនោះច្រើនឆ្លាក់ជាចម្លាក់តូចៗមានឆ្លាក់នៅខឿនផ្នែកខាងក្រោមប្រាសាទ។ តួយ៉ាងនាខឿនខាងត្បូងសាលរបាំនៃប្រាសាទតាព្រហ្ម ចម្លាក់ប្រមាណ៨រូប បានឆ្លាក់តម្រៀបគ្នាជាជួរ ដោយមានជាក្បាច់ឱបក ឡើងជង្គង់ កម្ដៅសាច់ដុំ ការឱ្យទឹក។ល។ ក្រៅពីនោះមានឆ្លាក់ដាច់ពីគេនៅផ្នែកខាងត្បូងនៃប្រាសាទនេះផងដែរ។

នៅប្រាសាទតាព្រហ្មដដែល ត្រង់ចម្លាក់ដែលមានមនុស្សពីរនាក់ឡើងជង្គង់។ រូបនេះ ត្រូវបានលោក ភឹង តារា យល់ថាជាគុនខ្មែរ ដោយគេឃើញមានមនុស្សពីរនាក់កំពុងប្រកួតគ្នា។ អ្នកនៅខាងស្តាំចាប់ក្បាលអ្នកនៅខាងឆ្វេងសង្កត់ចុះក្រោម ឯជើងខាងឆ្វេងវិញឡើងជង្គង់ទៅរកគូប្រកួតខ្លួន។ តែអ្នកនៅខាងឆ្វេងវិញ​យកដៃស្តាំរបស់ខ្លួនចាប់ទប់ជង្គង់នោះកុំឲ្យមកត្រូវមុខ។ អ្នកស្រាវជ្រាវយល់ថា នេះប្រហែលជាការប្រកួតនៅក្នុងការហាត់សមប៉ុណ្ណោះ ដ្បិតអីនៅប៉ែកខាងស្តាំនៃរូប ឃើញមានមនុស្សម្នាក់អង្គុយបញ្ឈរជង្គង់ យកដៃចង្អុលមកអ្នកទាំងពីរ ហាក់ដូចជាបង្គាប់ស្នៀតអ្វីមួយ។

ចំណែកចម្លាក់នៅជញ្ជាំងប្រាសាទព្រះខ័នវិញ លោក ភឹង​ តារា បានពន្យល់ថា គេឃើញនៅ​លើសសរផ្អោប ឃើញមានមនុស្សពីរនាក់ចាប់ឱបកាច់គ្នា ដោយអ្នកខាងឆ្វេងចាប់កាច់កគូប្រកួតមកក្រោម តែអ្នកស្តាំនោះវិញក៏ខំឱបចាប់ភ្លៅដៃគូខ្លួនជាប់ ដើម្បីកុំឲ្យកាច់ផ្តួលខ្លួនបាន។

ដោយសារជាចម្លាក់ល្អិត ដូច្នេះចម្លាក់ទាំងនោះពុំសូវមានអ្នកស្គាល់ និងចាប់អារម្មណ៍ទេ ពួកគេតែងទៅហួសមកហួសជានិច្ច៕