(ភ្នំពេញ)៖ កម្មវិធី Maybank CashVille Kidz ជាកម្មវិធីមួយជួយបណ្ដុះបណ្តាល និងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់កុមារកម្ពុជា ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៧ មកនោះ បច្ចុប្បន្ននេះ នៅតែបន្តដំណើរការយ៉ាងរលូន ជាពិសេសថែមទាំងបានបញ្ជូនបេក្ខជនជ័យលាភី ទទួលពានរង្វាន់ថ្នាក់តំបន់ នៅប្រទេសម៉ាឡេស៊ីថែមទៀតផង ។

ថ្លែងនៅមុនពេលចេញដំណើរ ទៅប្រទេសម៉ាឡេស៊ី នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្នកស្រី អនហេង លក្ខិណា បេក្ខភាពជ័យលាភីនៃគ្រួសារឆ្នើមពីកម្មវិធីមួយនេះ បានមានប្រសាសន៍ថា កាលពីឆ្នាំ២០២១ កូនរបស់អ្នកស្រី គឺកុមារា សម ប្រាថ្នា បានចូលរួមក្នុងកម្មវិធី CashVille Kiz ម្ដងរួចហើយ និងទទួលបានជ័យលាភីផងដែរ ។ សម្រាប់ឆ្នាំ២០២២កន្លងទៅនេះ ខាងកម្មវិធីក៏បានទាក់ទងអ្នកស្រី ពីការចូលរួមប្រកួត គឺតម្រូវឱ្យមានការចូលរួមពីគ្រួសារបន្ថែម។

អ្នកស្រីបានបន្តឱ្យដឹងថា ដោយសារមានការចាប់អារម្មណ៍នឹងកម្មវិធីនេះ អ្នកស្រីក៏បានចូលរួមប្រកួតជាមួយនឹងកូនទើប ទទួលបានជ័យលាភី និងមានឱកាសទៅចូលរួមទទួលរង្វាន់ នៅប្រទេសម៉ាឡេស៊ីផ្ទាល់តែម្ដង។

អ្នកស្រីបន្តទៀតថា នៅក្នុងការចូលរួមនេះ អ្នករៀបចំក្មវិធីបានដាក់ជាវីឌីអូជាច្រើន មកឱ្យមើល និងឱ្យអនុវត្តន៍ទៅតាមវីឌីអូនោះ ដោយអ្នកស្រីបានពិភាក្សា និងអនុវត្តន៍ជាមួយកូន និងបានផ្ញើវីឌីអូ ដែលបានអនុវត្តន៍ទៅអ្នករៀបចំកម្មវិធីវិញ ទើបខាងកម្មវិធីបានឆ្លើយតបថាអ្នកស្រីបានជាប់ និងបានឱ្យអនុវត្តន៍ជាបន្តបន្ទាប់ទៀត ។

អ្នកស្រីបន្ថែមថា កម្មវិធីនេះគឺល្អសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ ការចាត់ចែងហិរញ្ញវត្ថុ សម្រាប់ក្រុមគ្រួសារដែលចូលរួមប្រកួតប្រជែង ក៏ដូចជាការបញ្ជ្រាបចំណេះដឹងនេះដល់កុមារពីតូចៗផងដែរ ជាពិសេស កូនតូចមានការផ្លាស់ប្តូរឥរិយាបថច្រើន ពីការសុំចាយវាយតាមចិត្តមកជាការចាយវាយ ដោយមានការគិតគូរជាងមុន ហើយគេចាយទៅលើអ្វីដែលជាការចាំបាច់របស់គេតែប៉ុណ្ណោះ ។

លោក នង ចាន់ថន បេក្ខភាពគ្រូឆ្នើមមកពីសាលាបឋមសិក្សារស្មីកុមារនៅក្រុងសួង ខេត្តត្បូងឃ្មុំបានមានប្រសាសន៍ផងដែរថា តាមរយៈកម្មវិធី CashVille Kidz នេះ លោកបានយល់ដឹងច្រើនបន្ថែមពីចំណេះដឹងហិរញ្ញវត្ថុ ពីព្រោះកម្មវិធីតែងតែផ្ញើជាវីឌីអូឱ្យបេក្ខភាពមើល និងអនុវត្តន៍តាម ខណៈដែលលោកជាមនុស្សចូលចិត្តមើលអ្វីដែលថ្មីៗដែលផ្ដល់ចំណេះដឹង ដូច្នេះហើយទើបលោកអាចដឹងបន្ថែម និងអនុវត្តន៍ទៅតាមអ្វីដែលកម្មវិធីបានដាក់ជូន ។

លោក អាន អ៊ន នាយកសាលាបឋមសិក្សារស្មីកុមារ និងជាបេក្ខភាពនាយកសាលាឆ្នើមនៃពានរង្វាន់ CashVille Kidz ក៏បានឱ្យដឹងផងដែរថា ក្នុងចំណោមសាលាដែលចូលរួមប្រកួតទាំងអស់ ទាំងសិស្ស និងគ្រូ មកពីសាលារស្មីកុមារ គឺមានចំនួនច្រើនក្នុងការចូលរួមប្រកួតម្ដងៗ ទើបលោកបានជាប់ជានាយកឆ្នើម ក្នុងចំណោមសាលាបានចូលរួមក្នុងកម្មវិធីមួយនេះ ។

លោកស្រី ហេង ធីតា អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Learning Vision បានមានប្រសាសន៍ឱ្យដឹងផងដែរថា កម្មវិធីចំណេះដឹងហិរញ្ញវត្ថុ គឺជួយបណ្ដុះចំណេះដឹងដល់កុមារតាំងពីពួកគេនៅតូច ដើម្បីឱ្យគាត់ក្លាយជាបុគ្គល ដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានសមត្ថភាពអាចឱ្យពួកគេជៀសផុសពីគំនាបសម្ភារៈនិយម នៅពេលដែលពួកគេធំឡើង។ លើសពីនេះ ពេលដែលគេធំឡើងពួកគាត់អាចយកចំណេះដឹងនោះ ទៅគ្រប់គ្រងអាជីវកម្ម ដូចជា ដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ក្រុមគ្រួសារគាត់ ។

លោកស្រីបានបន្តថា នៅប្រទេសជឿនលឿន លើពិភពលោកតែងតែបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុ ទៅដល់សិស្សានុសិស្សតាំងពីតូចៗម្ល៉េះ ដោយឡែក នៅក្នុងប្រទេសកម្ពុជា កម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុ នៅមិនទាន់មានការដាក់បញ្ចូល ក្នុងកម្មវិធីសិក្សាតាមរបស់រដ្ឋទូលំទូលាយនៅឡើយ។ យ៉ាងណាក្ដី កម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុ MoneyTree បានព្យាយាមដាក់បញ្ចូលទៅក្នុងការអប់រំ នៅតាមសសាលាមួយចំនួនរួចហើយ ហើយក៏ព្យាយាមដាក់បន្ថែមទៀតតាមតែអាចធ្វើទៅបាន៕