(បរទេស)៖ ក្រុមហ៊ុន Samsung Electronics Co Ltd បានរាយការណ៍មកថា ប្រាក់ចំណេញនៅក្នុងអាជីវកម្មបន្ទះឈីបប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ របស់ខ្លួនបានធ្លាក់ចុះទាបបំផុតចាប់តាំងពីឆ្នាំ២០១៤មក ដោយសារតែភាពមិនច្បាស់លាស់នៃម៉ាក្រូសេដ្ឋកិច្ច ខណៈវាអាចនឹងបន្តជះឥទ្ធិពលដល់ត្រីមាសទី១ ឆ្នាំនេះទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

Samsung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ ហាក់បង្ហាញពីការព្រួយបារម្មយ៉ាងខ្លាំងជាមួយនឹងតម្រូវការធ្លាក់ចុះ និងការកែតម្រូវសារពើរភ័ណ្ឌដែលកំពុងតែបន្តជះឥទ្ធិពលអាក្រក់ដល់អាជីវកម្មបន្ទះឈីបរបស់ខ្លួន លើសពីនេះទៅទៀតគេរំពឹងថា«តម្រូវការស្មាតហ្វូនរបស់ខ្លួនទំនងក៏គេចមិនផុតពីការធ្លាក់ចុះដែរនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ទាំងនេះក៏ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងតំបន់សំខាន់ៗដែលបណ្តាលឱ្យអ្នកប្រើប្រាស់មិនសូវហ៊ានចំណាយប្រាក់ទៅលើការផ្លាស់ប្ដូរស្មាតហ្វូន»

យោងតាមរបាយការណ៍ពីក្រុមហ៊ុន Samsung បានបង្ហាញថា ប្រាក់ចំណេញត្រីមាសទី៤ ឆ្នាំ២០២២ របស់ខ្លួនបានធ្លាក់ចុះ ៦៩ភាគរយ។ គិតត្រឹមតែខែតុលា ដល់ខែធ្នូ ប្រាក់ចំណេញប្រតិបត្តិការផ្នែកអាជីវកម្មបន្ទះឈីបរកបានចំនួន ៣.៤៩ពាន់លានដុល្លារ ដែលជាប្រាក់ចំណេញទាបបំផុតមួយក្នុងប្រវត្តិសាស្រ្តរបស់ Samsung ក្នុងរយៈពេល ៨ឆ្នាំ។ ចំណែកឯប្រាក់ចំណូលដែលរកបានពីអាជីវកម្មនេះបានធ្លាក់ចុះខ្ទង់ ៨ភាគរយ មកនៅត្រឹម ៥៧.៣ពាន់លានដុល្លារប៉ុណ្ណោះ។

យ៉ាងណាមិញសម្រាប់អាជីវកម្មស្មាតហ្វូន Samsung នៅមិនទាន់បញ្ចេញរបាយការណ៍លម្អិតនោះទេ ដោយគ្រាន់តែបង្ហើបថា ប្រាក់ចំណេញសម្រាប់ត្រីមាសទី៤ របស់ខ្លួនក៏មិនចាញ់ពីអាជីវកម្មបន្ទះឈីបប៉ុន្មានដែរ ដោយក្នុងនោះប្រាក់ចំណេញបានធ្លាក់ចុះមកនៅចំនួនជិត ១.៤ពាន់លានដុល្លារពីប្រាក់ចំណេញដែលរកបានក្នុងឆ្នាំ២០២២ មានចំនួន ២.២ពាន់លានដុល្លារ។ មូលហេតុទាំងនេះត្រូវបាន Samsung គូសបញ្ជាក់ថា គឺបណ្តាលមកពីការលក់ស្មាតហ្វូនទាំងកម្រិតទាប និងមធ្យមដែលទទួលបានគឺតិចជាងការរំពឹងទុកទាំងនេះក៏ដោយសារតែ«អតិផរណា និងអស្ថិរភាពភូមិសាស្រ្តនយោបាយ»

តែយ៉ាងណាលទ្ធខាងលើនេះអ្នកវិភាគមួយចំនួនបានរំពឹងថា Samsung ទំនងជាមិនទាន់ជួបលាភធំនោះទេ ខណៈអាជីវកម្មបន្ទះឈីបរបស់គេទំនងជាអាចធ្លាក់ចុះខ្លាំងជាមុនបន្ថែមទៀតក្នុងត្រីមាសទី១ ឆ្នាំនេះ បើធៀបនឹងលទ្ធផលបង្ហាញត្រីមាសទី៤ ឆ្នាំ២០២២៕