(ប៉ារីស)៖ គិតមកទល់ពេលនេះ មានជិត ៤០ប្រទេសនឹងធ្វើការប្រឆាំងទៅនឹងការអនុញ្ញាតឲ្យមានអត្តពលិករុស្ស៊ី និងប៊ែលឡារុសចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រទេសបារាំងនាឆ្នាំក្រោយនេះ។ នេះបើយោងតាមលោក Kamil Bortniczuk រដ្ឋមន្រ្តីកីឡា និងទេសចរណ៍ថ្លែងប្រាប់ BBC នាថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ពហិការដ៏ច្រើនប្រទេសបែបនេះត្រូវបានធ្វើឡើង បន្ទាប់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានកំពុងរកច្រកចេញ ដើម្បីឲ្យមានវត្តមានកីឡាករ-កីឡាការិនីនៃប្រទេសទាំងពីរខាងលើមានវត្តមាននៅ Paris Games នាឆ្នាំ២០២៤ ខាងមុខ។

លោកថា ប៉ូឡូញ លីទុយអានី អ៉ីស្តូនី និងឡាតវី ក៏ជាប្រទេសចូលរួមបដិសេធក្នុងការសម្រេចឲ្យរុស្ស៊ី និងប៊ែលឡារុសចូលប្រកួតប្រជែងមេដាយផងដែរ ដ្បិត IOC ធ្លាប់បានលើកឡើងថា «ចូលរួមក្រោមឆ័ត្រអព្យាក្រឹត្យក៏ដោយ» គ្រាដែលអ៊ុយក្រែនដែលបានកំពុងមានសង្រ្គាមជាមួយរុស្ស៊ីនោះ សំដែងការប្រឆាំងដាច់ខាតជាងគេ ប្រសិនកើតឡើងមែន នៅពេល IOC បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា «រាល់ការធ្វើពហិការទាំងឡាយ គឺទៅលើតែអត្តពលិកជាប់បម្រាមតែប៉ុណ្ណោះ»

លោក Bortniczuk បានបន្ថែមដោយជឿជាក់ថា វាអាចទៅរួចសម្រាប់ប្រទេសមានដល់ទៅ ៤០ដែលមានទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដា ក្នុងការបញ្ឈប់គម្រោងរបស់ IOC មុនកិច្ចប្រជុំសមាជិកប្រតិបត្តិនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។

លោកថា «ការសញ្ជឹងគិតរឿងនេះ ខ្ញុំមិនគិតថា វាលំបាកក្នុងការសម្រេចចិត្តនោះទេ មុនពេល Olympics ចាប់ផ្តើម ហើយប្រសិនពហិការច្រើនបែបនេះ អាចនឹងធ្វើឲ្យការប្រកួតត្រូវលើកពេល។

ដោយឡែកសម្រាប់លោក Thomas Bach ប្រធាន IOC ធ្លាប់បានថ្លែងថា ការអនុញ្ញាតឲ្យមានអត្តពលិកចូលរួម Paris Games 2024 វាគ្រាន់តែជាការការពារ និងគួរតែគ្មានសម្ពាធអ្វីឡើយទៅលើពួកគេ ដោយទទូចសុំថាពួកគេគ្មានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋណាមួយឡើយ៕