(ភ្នំពេញ)៖ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នៅសល់តែ ៩១ថ្ងៃទៀតប៉ុណ្ណោះនឹងមកដល់។ ទន្ទឹមជាមួយគ្នា ក្រុមហ៊ុន Decathlon ក៏បានប្រកាសគាំទ្រព្រឹត្តិការណ៍ជាប្រវត្ដិសាស្ដ្រលើកដំបូងនៅកម្ពុជានេះផងដែរ តាមរយៈការចូលរួមឧបត្ថម្ភសម្ភារជាច្រើនដល់អ្នកស្ម័គ្រចិត្ត ដែលនឹងចូលរួមបម្រើការងារកំឡុងពេលប្រកួតដ៏អស្ចារ្យនេះ។

នេះបើតាមការបញ្ជាក់របស់លោក ចេប៊ី នាយកគ្រប់គ្រង Decathlon Cambodia បន្ទាប់ពីក្រុមហ៊ុនបានបើកសាខាថ្មីរបស់ខ្លួននៅផ្សារទំនើបអ៊ីអន-មានជ័យ។ លោកថា ស៊ីហ្គេមនៅកម្ពុជា នឹងក្លាយជាការបំផុសគំនិតប្រជាពលរដ្ឋ ក្នុងការលេងកីឡាកាន់តែច្រើន។ ហេតុនេះ លោកក៏រីករាយក្នុងការចូលរួមគាំទ្រ ហើយលោកនឹងឧបត្ថម្ភសម្ភារជាកាតាបដល់អ្នកស្ម័គ្រចិត្តប្រមាណ ៧ពាន់នាក់ ក្នុងតម្លៃជាង ៨មុឺនដុល្លារ ដែលគណៈកម្មាធិការជាតិ CAMSOC បានប្រកាសជ្រើសរើស ដើម្បីចូលរួមបម្រើការងារក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។

បន្ថែមលើនេះ លោក Arjun Deswal តំណាងក្រុមហ៊ុនខាងលើបានចាត់ទុកឆ្នាំ២០២៣ គឺជាឆ្នាំពិសេសសម្រាប់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ លោកបានសម្ដែងសេចក្ដីរីករាយជាមួយតួនាទី ក្នុងការធ្វើឲ្យផលិតផលកីឡារបស់ខ្លួន អាចចូលរួមប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងការប្រកួតកីឡាប្រចាំតំបន់ដ៏ធំលើកដំបូងនៅកម្ពុជានេះ។

ដើម្បីអបអរសាទរការបើកសាខាថ្មី ក៏ដូចជាអបអរសាទរដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា Decathlon ក៏បានរៀបចំនូវការសម្ដែងទស្សនីយភាពជាច្រើនផងដែរ ពិសេសការបង្ហាញក្បាច់គុនល្បុក្កតោដោយក្រុមរបស់កីឡាករ សំ ថារ័ត្ន ដ្បិតគុនល្បុក្កតោ គឺជាវិញ្ញាសាប្រពៃណីមួយ ដែលកម្ពុជាបានដាក់បញ្ចូលក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងបើកការប្រកួតនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕