(កូរ៉េ)៖ តារាចម្រៀងល្បីជនជាតិថៃ Lisa ដែលជាសមាជិក​ក្រុម​ចម្រៀង​ស្រី K-pop Blackpink បាន​ទិញ​ផ្ទះ​ប្រណិត​មួយ​នៅ​ក្នុង​តំបន់​ដ៏​សម្បូរ​បែប​បំផុត​ ក្នុង​ទីក្រុង​សេអ៊ូល​របស់​កូរ៉េ​ខាង​ត្បូង ដែលមានតម្លៃរហូតដល់៦លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

តារាវ័យ២៥ ឆ្នាំរូបនេះ បានទិញផ្ទះពីរជាន់ ដែលមានបន្ទប់ក្រោមដីនៅក្នុងសង្កាត់ Seongbuk-dong ក្នុងតម្លៃ៦លានដុល្លារ។ តារា​ចម្រៀង​រ៉េប​ថៃ​រូប​នេះ​ បាន​ចុះ​កុងត្រា​ទិញ​ផ្ទះ​ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២២ ដោយ​បាន​ប្រើ​សាច់​ប្រាក់​បង់​ថ្លៃ​ផ្ទះ ខណៈការទិញដាច់ចុងក្រោយ ត្រូវបានធ្វើឡើងនៅខែមករាឆ្នាំ ២០២៣នេះ។ ការចុះបញ្ជីអចលនទ្រព្យដែលដកស្រង់ដោយ Biz Hankook បង្ហាញថាផ្ទះនេះត្រូវបានសាងសង់ឡើង ក្នុងឆ្នាំ២០១៦ និងមានផ្ទៃដីសរុប ៦៨៩.២២ ម៉ែត្រការ៉េ។

គួរជម្រាបថា ម្ចាស់​ផ្ទះ​មុន ​គឺ​លោកស្រី Chang Seon-yoon ជា​ចៅស្រី​របស់​ស្ថាបនិក Lotte Group លោក Shin Kyuk-ho។ របាយការណ៍បាននិយាយថា Seongbuk-dong ក៏ជាកន្លែងសម្រាប់តារាល្បីៗ ដូចជាអតីតតារាសម្តែង Bae Yong-joon និងតារាចម្រៀង-តារាសម្តែង Lee Seung-gi ផងដែរ៕