(បរទេស)៖ ទីបំផុតដៃគូសហការផលិតស្មាតហ្វូន Coca-Cola បានបញ្ចេញវីដេអូ Teaser ជាលើកដំបូងដែលត្រៀមនឹងដាក់លក់ក្នុងប្រទេសឥណ្ឌានៅថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ។ ខណៈថ្ងៃចេញលក់កាន់តែខិតជិតពេលនេះទទួលបានរបាយការណ៍បន្ថែមថា ស្មាតហ្វូន Coca-Cola Edition នឹងចេញមកជាមួយនឹងផ្ទៃខាងក្រោយពីពណ៌គឺ ពណ៌ខ្មៅ ក្រហម ជាមួយនឹងពាណិជ្ជសញ្ញា Coca-Cola ដែលវាស្ទើតែដូចគ្នាបេះបិតទៅនឹងដបភេសជ្ជៈ Coca-Cola បច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមហ៊ុនផលិតភេសជ្ជៈលំដាប់ពិភពលោក Coca-Cola បានចាប់ដៃគូសហការផលិតស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនចិន Realme។ តាមរយៈវីដេអូ Teaser ដែលបង្ហោះដោយ Realme នៅពេលថ្មីៗនេះបានបង្ហាញពីរូបរាងស្មាតហ្វូន Realme x Coca-Cola ជាលើកដំបូងនឹងត្រូវបានគូសបញ្ជាក់ថាវា គឺដូចគ្នាទៅនឹងម៉ូដែល Realme 10 Pro ដែលប្រើប្រាស់ដំណើរការ 5G រួមជាមួយនឹងការមេរ៉ាក្រោយធំៗចំនួន ២គ្រាប់។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ស្មាតហ្វូន Coca-Cola Edition នឹងប្រើប្រាស់អេក្រង់ប្រភេទ IPS LCD ទំហំ ៦.៧អ៊ីញ ជាមួយនឹងកម្រិត Refresh Rate 120Hz និងកម្រិតពន្លឺដល់ទៅ 680 nits។ លើសពីនេះទៅទៀតស្មាតហ្វូននេះនឹងដំណើរការដោយបន្ទះឈីប Snapdragon 695 SoC រួមជាមួយនឹងថាមពលថ្មរហូតដល់ 5,000mAh។

ប្រភពពីគណនីមួយដែលបានបង្ហោះនៅ Twitter ដែលមានឈ្មោះថា Paras Guglani (@passionategeekz) បាននិយាយថា ស្មាតហ្វូន Realme 10 Pro 5G Cocla-Cola special edition នឹងចេញលក់ផ្តាច់មុខនៅក្នុងប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងម៉ាឡេស៊ី៕