(ភ្នំពេញ)៖ លោក សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានលើកឡើងថា អ្នកចេះការ៉ាតេ ត្រូវយល់ច្បាស់ពីបច្ចេកទេស ៣ចំណុច ទី១-GO NO SEN, ទី២-SEN NO SEN និងទី៣-SEN SEN NO SEN ។

ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធបានបើកការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ការប្រកួតនេះ នឹងរៀបចំរយៈពេល ៣ថ្ងៃ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ២៤៨នាក់ មកពី ២១សមាគម/ក្លិបទូទាំងប្រទេស ។

ថ្នាក់ដឹកនាំសហព័ន្ធខាងលើ បានពន្យល់ថា ពាក្យបច្ចេកទេសទាំង ៣ នេះ ហាក់មានអត្ថន័យស៊ីជម្រៅ សម្រាប់អ្នកចេះការ៉ាតេថ្មីថ្មោង តែជាបច្ចេកទេសរបស់កីឡាការ៉ាតេ ដែលកីឡាករ-កីឡាការិនីទាំងអស់ ត្រូវព្យាយាមស្វែងយល់ និងដឹងឲ្យច្បាស់ពីអត្ថន័យចំណុចនីមួយៗ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យរីកចម្រើន មានសមត្ថភាព និងគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតនានា ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ។

អនុប្រធានសហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ដដែលបន្ដថា «ការចូលរួមពីបណ្ដាលសមាគម/ក្លិប គ្រូបង្វឹក និងកីឡាករ-កីឡាការិនី គណៈកម្មការរៀបចំការប្រកួតទាំងអស់ បង្ហាញឲ្យឃើញពីការប្រមូលផ្ដុំកម្លាំងមហាសាមគ្គី ការប្ដេជ្ញាចិត្ត ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមលើកស្ទួយវិស័យកីឡាការ៉ាតេកម្ពុជា ឲ្យកាន់តែរីកចម្រើន ក្រោមការដឹកនាំរបស់សហព័ន្ធបន្ថែមទៀត» ។

ដោយហេតុនេះ លោកបានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវខិតខំប្រកួតឲ្យអស់ពីសមត្ថភាព ប្រកបដោយស្មារតីទទួលខុសត្រូវ និងឆន្ទៈខ្ពស់ ក្នុងការប្រកួតប្រជែងដណ្ដើមជ័យលាភី ហើយពង្រឹងសមត្ថភាពបន្ថែម ត្រៀមឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាខែឧសភាខាងមុខតែម្ដង ៕